ប្រធានាធិបតីតួកគីចោទអឺរ៉ុបថា បានប្រព្រឹត្តដាក់ប្រជាជនមូស្លីមដូចរបៀបដែលខ្លួនប្រព្រឹត្តដាក់ជនជាតិជ្វីហ្វមុនសង្គ្រាមលោកលើកទី២
តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បានអំពាវនាវឱ្យធ្វើពហិការទំនិញបារាំង និងប្រៀបធៀបការប្រព្រឹត្តរបស់អឺរ៉ុបទៅលើជនមូស្លីម ទៅនឹងរបៀបដែលពួកគេបានប្រព្រឹត្តលើជនជាតិជ្វីហ្វនៅមុនសង្គ្រាមលោកលើកទី២ ។
ប្រតិកម្មរបស់មេដឹកនាំតួកគីរូបនេះ បានកើតមានឡើងក្រោយប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយបន្ទាប់ពីគ្រូបង្រៀនជនជាតិបារាំងម្នាក់ត្រូវគេកាត់ក្បាលដោយសារតែបង្ហាញរូបតុក្កតារបស់ព្យាការីម៉ូហាម៉េត ក្នុងថ្នាក់រៀនរបស់គាត់ ដោយលោក ម៉ាក្រុង បានក៏ហៅសាសនាអ៊ីស្លាមថា ជា “សាសនាកំពុងមានវិបត្តិ” ។
បន្ថែមលើនេះ លោក ម៉ាក្រុង ក៏បានសន្យាដែរថា នឹងបង្កើតច្បាប់ថ្មី ដើម្បីបង្ក្រាបអ្វីដែលលោកហៅថា “ការបំបែកខ្លួនរបស់ពួកអ៊ីស្លាមជ្រុលនិយម” ដែលលោកនិយាយថា បានបង្កើត “វប្បធម៌ស្របគ្នាមួយ” នៅប្រទេសបារាំង ។ ចំណាត់ការនេះ បានញ៉ាំងអោយមានការជជែកអំពី “ការបង្ក្រាបលើបុគ្គល និងក្រុមមូស្លីម” នៅប្រទេសបារាំង និង បង្កកំហឹងពេញពិភពអ៊ីស្លាម ៕