អគ្គនាយករង ក.ប.ប ៖ ការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈក្នុងប្រទសកម្ពុជា បានឆ្លុះបង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចជាតិដែលក្នុងនោះវិស័យថាមពលមានតួនាទីសំខាន់
ស្វាយរៀង៖ ការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈក្នុងប្រទសកម្ពុជាបានឆ្លុះបង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចជាតិដែលក្នុងនោះវិស័យថាមពល មានតួនាទីសំខាន់។ នេះជាការលើកឡើងរបស់លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវាច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិផ្សេងទៀតពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈដល់អាជីវករម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈក្នុងខេត្តស្វាយរៀងនាព្រឹកថ្ងៃទី ២៨ខែតុលា ឆ្នាំ២០២០។
សិក្ខាសាលានេះមានការចូលរួមពីលោកសុខេ រស់អភិបាលរងខេត្តស្វាយរៀង មន្ទីរពាណិជ្ជកម្មខេត្ត និងលោក ផឹង និលប្រធានសាខា ក.ប.ប ខេត្ត និងម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូចែកចាយនៅក្នងខេត្តស្វាយរៀងព្រមទាំងមន្ទីរជុំវិញខេត្តផងដែរ។
លោក ឃួន សាវុធ បានបន្តថាការប្រកួតប្រជែងមិនស្មោះត្រង់នៅក្នុងទូរកិច្ចវិស័យប្រេងឥន្ធនៈអាចបង្កផលប៉ះពាល់ដល់ជីវភាពសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់។ ហើយដើម្បីធានាការពារអ្នកប្រើប្រាស់ពីការក្លែងបន្លំផ្នែកសេដ្ឋកិច្ច ក៏ដូចជាការប៉ះពាល់សុខុមាលភាពសង្គម ការពង្រឹង ការអនុវត្តច្បាប់គឺជាការងារអាទិភាព។ ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅប្រទេសកម្ពុជា ត្រូវបានចាត់ចូលក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដូច្នេះការធ្វើអធិការកិច្ច លើស្ថានីយចែកចាយប្រេងឥន្ធនៈត្រូវបានក្រសួងពាណិជ្ជកម្មចាត់ទុកជាកម្មវិធីមួយយ៉ាងសំខាន់សំដៅធានា ការដាក់លក់ឲ្យបានត្រឹមត្រូវលើបរិមាណគុណភាព និងថ្លៃលក់រាយ។
លោកបានបញ្ជាក់ថាគោលបំណងសិក្ខាសាលានេះដើម្បីជំរុញការអនុវត្តស្មោះត្រង់ក្នុងអាជីវកម្មធានាទីផ្សារ ក្នុងស្រុកប្រកបដោយទំនុកចិត្តពីអ្នកប្រើប្រាស់ និងលើកស្ទួយកិត្យានុភាពជាតិ។ ការធានាការធ្វើជីវកម្មប្រកបដោយសុចរិត មិនមែនជាការដាក់បន្ទុកដល់វិស័យឯកជន(មិនមានតម្រូវឲ្យបង់ថ្លៃសេវាត្រួតពិនិត្យ)ហើយគោលដៅដែលត្រូវអធិការកិច្ច គឺស្ថានីយ៍និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស។ និងអនុវត្តន៍ច្បាប់ចំពោះអ្នកបំពានតាមរយៈការពិន័យអន្តរការណ៍ ឬវិធានការតុលាការក្នុងករណីមិនរាងចាល។
លោកបានបញ្ជាក់ថាអាជីវករមានកាតព្វកិច្ចទទួលខុសត្រូវចម្បងលើសកម្មភាពអាជីវកម្មរបស់ខ្លួនក្នុងការដាក់លក់ ចែកចាយនិងផ្ដល់ព័ត៌មានឲ្យបានត្រឹមត្រូវលើផលិតផល ឬសេវារបស់ខ្លួនចៀសវាងអ្នកប្រើមានការភាន់ច្រឡំឬប៉ះពាល់ដល់ការប្រកួតប្រជែង(មាត្រា៤ច្បាប់ស្ដីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា)។
ហើយមិនត្រូវពាក់ព័ន្ធទៅនឹងអំពើមិនសុចរិត ដែលមានលក្ខណៈជាការបំភាន់ឬបោកបញ្ឆោតដល់សាធារណៈជនទាក់ទងទៅនឹងប្រភេទចរិតលក្ខណៈភាព សមតាមបំណងបរិមាណស្តង់ដារ ឬគុណភាព(មាត្រា១០ច្បាប់ស្តីពីកិច្ចការការពារអ្នកប្រើប្រាស់)ហើយរាល់អាជីវកម្មប្រេងឥន្ធនៈត្រូវមានលិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណចេញដោយអង្គភាពមានសមត្ថកិច្ច (ពាណិជ្ជកម្ម(ឧស្សាហកម្ម មហាផ្ទៃ)។
នៅក្នុងឱកាសនោះលោកសុខ រស់អភិបាលរងខេត្តស្វាយរៀងបានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីក ប បខេត្តរយះកាលកន្លងមកបានខិតខំក្នុងការត្រួតពិនិត្យតាមស្ថានីយ៍ប្រេងឥន្ធនៈនិងដេប៉ូចែកចាយក្នុងខេត្តដើម្បីពិនិត្យលើបរិមាណ គុណភាពនិងថ្លៃលក់រាយជាដើមហើយក្នុងនាមរដ្ឋបាលខេត្តសូមធ្វើការគាំទ្រដែលបានបង្កើតឲ្យមានសិក្ខាសាលានេះឡើង។
លោកអភិបាលរងខេត្តបានជំរុញឲ្យអាជីវករដែលមានស្ថានីយប្រេងឥន្ធនៈនិងដេប៉ូចែកចាយទាំងអស់នៅខេត្តស្វាយរៀង ត្រូវមកសុំច្បាប់អាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវមិនត្រូវគេចវេសនោះឡើយ។ ហើយសូមឲ្យមន្ត្រីជំនាញយើងចុះត្រួតពិនិត្យ តាមស្ថានីយនិងដេប៉ូចែកចាយប្រេងឥន្ធនៈទាំងអស់ឲ្យមានប្រសិទ្ធភាព ដើម្បីធានាបានដល់អ្នកប្រើប្រាស់ទាំងបរិមាណ និងគុណភាព៕