សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសិង្ហបុរីចូលជួបសម្តែងការគួរសម និងជម្រាបលា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យយឯកឧត្តម មៃខើល តាន់ កេង ស៊ីង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា-ណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ដោយបានខិតខំរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ដោយកត់សម្គាល់ឃើញថា ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាពិសេសមានទំនាក់ទំនងល្អជាមួយនឹងប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម មៃខើល តាន់ កេង ស៊ីង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយនឹងប្រជាជនកម្ពុជា ចំពោះការបាត់បង់អាយុជីវិត និងទ្រព្យសម្បតិ្ត ក្នុងគ្រោះមហន្តរាយដោយសារទឹកជំនន់កាលពីពេលថ្មីៗនេះ ហើយសហគមន៍ និងអ្នកវិនិយោគសិង្ហបុរីនៅកម្ពុជា ព្រមទាំងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី បានផ្តល់ជំនួយតាមរយៈកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជួយសម្រាលការលំបាករបស់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយសារទឹកជំនន់នេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា បេសកកម្មការទូតរយៈពេល៤ឆ្នាំកន្លះរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ដោយសារបានទទួលការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី មានការរីកចម្រើន ជាពិសេសទំហំពាណិជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់។ ទំហំនៃការ និងពាណិជ្ជកម្មរបស់ប្រទេសសិង្ហបុរី រក្សាបានចំណាត់ថ្នាក់លំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលកំពុងវិនិយោគនៅប្រទេសកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានអនុវត្តតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។ កាលពីឆ្នាំ២០១៧ សមាជិកព្រឹទ្ធសភា បានអញ្ជើញទៅបំពេញទស្សនកិច្ចស្វែងយល់អំពីសភានៃសាធារណរដ្ឋសិង្ហបុរី ហើយឆ្នាំ២០១៩ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៩ នៅប្រទេសសិង្ហបុរី។ ប្រទេសទាំងពីរនឹងបន្តខិតខំថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទៀត។
សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានចូលរួមរំលែកទុក្ខចំពោះប្រជាជនកម្ពុជាដែលរងគ្រោះដោយសារទឹកជំនន់ និងបានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជា។ សម្តេច ប្រមុខរដ្ឋស្តីទីបានរំលឹកថា ប្រទេសកម្ពុជា និងប្រទេសសឹង្ហបុរី បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ ឆ្នាំនេះ គឺជាខួបទី៥៥ឆ្នាំនៃទំនាក់ទំនងការទូត ហើយប្រទេសទាំងពីរបានប្រារព្ធពិធីអបអរសាទរខួបលើកទី៥៥ នៃចំណងការទូត តាមរយៈការរៀបចំព្រឹតិ្តការណ៍បង្ហាញគំនូរ សិល្បៈ ម្ហូបអាហារ តន្រ្តី និងវប្បធម៌របស់ប្រទេសទាំងពីរ។ កត្តានេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងកាន់តែរឹងមាំ និងស៊ីជម្រៅរវាងប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីមចម្រើនឥតឈប់ឈរ ហើយការីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើទស្សនកិច្ចគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំកំពូល មន្រ្តីជាន់ខ្ពស់ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ និងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រមុខរដ្ឋស្តីទីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយពង្រឹងសមត្ថភាពមន្រ្តីរាជការកម្ពុជាលើជំនាញនានា តាមរយៈមជ្ឈមណ្ឌលកិច្ចសហប្រតិបតិ្ត-ការកម្ពុជា-សិង្ហបុរី រហូតមកដល់បច្ចុប្បន្នមានមន្រ្តីជាង៩.៩០០នាក់ និងបានទទួលការបណ្តុះបណ្តាលក្រោមគំនិត ផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ចំនួន១៥.៤០០នាក់ ក្រោមកម្មវិធីកិច្ចសហប្រតិបតិ្តការសិង្ហបុរី។
ជាពិសេសក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្ម ការវិនិយោគ និងការមកទស្សកិច្ចរបស់ប្រជាជនសិង្ហបុរី ដែលមានការកើនឡើងជាលំដាប់។ ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសមានទំហំជិត ០២ពាន់លានដុល្លារអាមេរិក ហើយការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាមានទំហំដល់ទៅ២៥.៦ភាគយ។ សម្តេចសង្ឃឹមថា ក្រោយជំងឺកូវីដ១៩នេះ ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តរវាងប្រជាជន និងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនជាបន្តបន្ទាប់ថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ដែលបានទប់ស្តាត់នៃការឆ្លង និងការីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងសូមជូនពរឱ្យរដ្ឋាភិបាល និងប្រជាជនសិង្ហបុរីជម្នះបានលើជំងឺកូវីដ១៩នេះដោយឆាប់រហ័ស។
ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែអំណរគុណចំពោះស្ថានឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលបានជួយសម្របសម្រួលឱ្យមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទៅធ្វើកម្មសិក្សាស្តីពីការងារសភានៅសភានៃសាធារណរដ្ឋសិង្ហបុរី ចំនួន០២លើក។
តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្តីគោរព និងសេចក្តីនឹករលឹក អំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសិង្ហបុរី។
សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជានិច្ចបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី និងស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យ ក្នុងបេសកកម្មថ្មីនាពេលខាងមុខ៕