ទៅដល់វៀតណាមភ្លាម ព្យុះម៉ូវីបណ្តាលឲ្យស្លាប់និងបាត់ខ្លួនមនុស្ស១២នាក់
ព្យុះម៉ូវីបានវាយប្រហារប្រទេសវៀតណាមហើយ នៅថ្ងៃពុធទី២៨ តុលានេះ ដោយបានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងបណ្តាលឲ្យកាណូត២គ្រឿងលិច បាត់ខ្លួនអ្នកនេសាទ១២នាក់ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម ដោយចាត់ទុកថា ព្យុះនេះជាព្យុះដ៏មានឥទ្ធិពលខ្លាំងបំផុត ក្នុងពេល២០ឆ្នាំមកនេះ សម្រាប់វៀតណាម។
បុរសម្នាក់បានស្លាប់ ក្រោយកម្លាំងខ្យល់១៥០គីឡូម៉ែត្រ ក្នុង១ម៉ោងបានបោកបក់មកលើខ្លួន នៅខេត្ត Quang Ngai ភាគខាងត្បូងឆៀងកណ្តាល ហើយគេជឿថា នឹងមានការបាក់ដីបន្ថែមទៀត។
ពេលនេះ កម្លាំងមានសមត្ថកិច្ចវៀតណាមកំពុងចេញនាវាតាមរកអ្នកបាត់ខ្លួន នៅខេត្ត Binh Dinh ។ ភ្លាមៗ មនុស្សយ៉ាងតិច៤ម៉ឺននាក់ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព ហើយមុននេះ វៀតណាមដាក់ផែនកការជម្លៀសដល់ទៅជិត១លាន៣សែននាក់៕