ឯកឧត្តម ឃួង ស្រេង នាំយកអំណោយសម្តេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិតចំនួន៨០០០ដុល្លារ ជូនពលរដ្ឋ១គ្រួសារ ដែលត្រូវភ្លើងឆេះផ្ទះអស់នៅដងស្ទឹងព្រែកត្នោត
ភ្នំពេញ៖ អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ នាព្រឹកថ្ងៃទី ២៨ខែតុលានេះបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន៨០០០ដុលា្លរ ប្រគល់ជូនដល់ជនរងគ្រោះដែលបានទទួលរងដោយភ្លើងឆេះផ្ទះអស់១ខ្នងក្នុងអំឡុងពេល ដែលទឹកកំពុងជន់លិចនារយៈពេល១០ថ្ងៃកន្លងមកនេះ ។
អំណោយសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រគល់ជូនជនរងគ្រោះដោយអគ្គិភ័យតាមរយៈឯកឧត្តម ឃួង ស្រេង និងលោកជំទាវនេះមានចំនួន៨ពាន់ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយរំលែកដល់ការលំបាកខ្វះខាត ដោយហេតុថាពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ហើយជាប់ទាំងបំណុលធនាគារថែមទៀត និងម្យ៉ាងទៀតដើម្បីអោយពួកគាត់មានលទ្ធភាពអាចសាងសង់ផ្ទះបានស្នាក់នៅឡើងវិញ។
ប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះលំនៅដ្ឋានខាងលើនេះមាន ឈ្មោះព្រិល ស៊ីដេត អាយុ ៣៧ឆ្នាំត្រូវជាប្ដី និងប្រពន្ធឈ្មោះ ផា សោភា អាយុ ៣៤ឆ្នាំពួកគាត់មានមុខរបរជាអ្នកលក់នំប៉័ងប៉ាតេ ស្នាក់
នៅភូមិវាលថ្លាន់សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បន្ថែមពីលើនេះទៀត ឯឧ ឃួង ស្រេង និងលោកជំទាវបានប្រគល់នូវថវិកា របស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិតនូវទឹកប្រាក់ចំនួន ៣លានរៀលថែមទៀតសម្រាប់ប្រជាពលរដ្ឋរងគ្រោះមួយរូបទៀត ឈ្មោះព្រិល សីហា ភេទប្រុសអាយុ២៨ឆ្នាំដែលត្រូវភ្លើងឆេះចិញ្ជាំងផ្ទះក្នុងហេតុការណ៍នេះផងដែរ។
ប្រជាពលរដ្ឋទាំងពីរគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះ។ ជាក់ស្តែងសម្រាប់ក្រុមគ្រួសារ ពួកគាត់ពិតជាមិនអាចកាត់ថ្លៃបានឡើយនៅទឹកចិត្តមេត្តាធម៌ របស់សម្ដេចទាំងពីរដែលបានជួយពួកគាត់នាគ្រាអាសន្ននេះ នូវទឹកប្រាក់ដ៏លើសលប់រហូតដល់ចំនួន ៨ពាន់ដុល្លារ។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នា២០២០ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោរាជធានីភ្នំពេញ មានអគ្គិភ័យមួយបានឆាប់ឆេះឡើងបណ្តាលឲ្យផ្ទះប្រភេទសំណង់ថ្មក្រោមឈើលើ មានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រត្រូវបានអគ្គិភ័យឆាប់ឆេះទាំងស្រុង៕