លោក ដូណាល់ ត្រាំ សម្តែងការខកចិត្តចំពោះការដួលរលំបទឈប់បាញ់រវាងអាហ្សែបៃហ្សង់ និងអាមេនីក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍នេះបញ្ជាក់ថា រូបលោកបានសម្តែងការខកចិត្តជាខ្លាំង ក្រោយមើលឃើញថា បទឈប់បាញ់រវាងអាហ្សែបៃហ្សង់ និងអាមេនីក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក ដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិកត្រូវបានដួលរលំ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ ក៏បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្រ្តីអាមេនីលោក នីកូល ផាស៊ីននីយ៉ាន និងប្រធានាធិបតីអាហ្សែបៃហ្សង់លោក អ៊ីហាម អាលីយ៉េវ ផងដែរ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកនាពេលថ្មីៗ ។ បទឈប់បាញ់ក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាកដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិកត្រូវបានដួលរលំ ក្រោយក្រសួងការបរទេសអាហ្សែបៃហ្សង់បានបញ្ជាក់ថា កងទ័ពអាមេនីបានផ្លោងគ្រាប់ដាក់ភូមិអ្នកស្រុកក្នុងតំបន់ Terter និង Lachin ដែលជាការរំលោភទាំងស្រុងទៅលើបទឈប់បាញ់គ្នានោះ ។
ដោយឡែកក្រសួងការពារជាតិអាមេនីវិញ ក៏បានលើកឡើងនូវភាសាស្រដៀងគ្នានេះផងដែរ ដោយចោទប្រកាន់កងកម្លាំងអាហ្សែបៃហ្សង់ថា បានរំលោភទាំងស្រុងនូវបទឈប់បាញ់គ្នានេះ ដោយបាញ់គ្រាប់ផ្លោងគ្រាប់ទៅលើតំបន់ជាច្រើននៃកម្លាំងខ្សែត្រៀមរបស់ខ្លួន ៕