ក្រសួងបរិស្ថាន «ផ្សព្វផ្សាយ និងផ្ដល់ប័ណ្ណសរសើមេត្រីភាពបរិស្ថាន ដល់វិស័យឯកជនក្នុងខេត្តកែប»

បរិស្ថានកែប ៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព សហការជាមួយនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន រដ្ឋបាលខេត្តកែប និងមន្ទីរបរិស្ថានខេត្តកែប នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានធ្វើការផ្សព្វផ្សាយនិងប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនសណ្ឋាគារ ដែលបានប្រតិបត្តមេត្រីភាពបរិស្ថានឆ្នើមនៅក្នុងខេត្តកែប ចំនួន ០៤ រួមមាន សណ្ឋាគារថ្ងៃបាំងឆត្រ សណ្ឋាគារផាមហៅស៍ សណ្ឋាគារនិងរម្មណីយដ្ឋានអាម៉ាណេអា និងសណ្ឋាគារនិងរម្មណីយដ្ឋានខូមិនស៊ាឡូត ក្នុងគោលបំណងដើម្បីជំរុញការអនុវត្តសេដ្ឋកិច្ចចក្រា តាមរយៈការលើកទឹកចិត្តប្រតិបត្តិមេត្រីភាពបរិស្ថាន ។

លោក ខ្វៃ អាទិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ និងផ្ដល់បណ្ណសរសើមេត្រីភាពបរិស្ថាន ដល់វិស័យឯកជនក្នុងខេត្តកែបនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍នៃការចូលរួមរបស់វិស័យឯកជនក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថាន ក៏ដូចជាការចូលរួមអនុវត្តសេដ្ឋកិច្ចចក្រា ក៏ដូចជាការផ្សព្វផ្សាយដល់អ្នកគ្រប់គ្រងសណ្ឋាគារនៅក្នុងខេត្តកែប ដាក់ពាក្យស្នើសុំវាយតម្លៃការប្រតិបត្តិមេត្រីភាពបរិស្ថាន សម្រាប់សណ្ឋាគារមេត្រីភាពបរិស្ថាននៅឆ្នាំ២០២១។

ជាងនេះទៀត គឺបញ្រ្ជាបការយល់ដឹង និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថានដល់យុវជន ប្រជាសហគមន៍ សាធារណជន ឱ្យចូលរួមស្រលាញ់ធម្មជាតិ គាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជា ។ លោកអគ្គនាយករង បានបន្ថែមថា ក្រសួងបរិស្ថានមានគោលនយោបាយលើកទឹកចិត្តមេត្រីភាពបរិស្ថាន តាមរយៈការផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានជាជំហានដំបូង ដល់រូបវន្តបុគ្គល និងនីតិបុគ្គល វិស័យសាធារណៈ វិស័យឯកជន សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល សហគមន៍ និងពលរដ្ឋទូទៅ ដែលបានចូលរួមធ្វើសកម្មភាពមេត្រីភាពបរិស្ថាន មានជាអាទិ៍៖ ការប្រើប្រាស់បច្ចេកវិទ្យាទ្រងទ្រង់បរិស្ថានសម្រាប់ផលិតកម្ម សេវាកម្ម និងការគ្រប់គ្រងសកម្មភាពអាជីវកម្មនានា ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃផលិតផល និងប្រតិបត្តិផល ដែលទ្រទ្រង់បរិស្ថាន សេដ្ឋកិច្ច និងការលូតលាស់ ការលើកកម្ពស់ផលប្រយោជន៍សង្គមជាដើម ។ក្នុងឱកាសអញ្ជើញជាអធិបតីនិងចែកបណ្ណសរសើមេត្រីភាពបរិស្ថានជូនប្រតិបត្តករមេត្រីបរិស្ថាននៅក្នុងខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា កម្មវិធីនាថ្ងៃនេះមានសារៈសំខាន់ ដើម្បីលើកទឹកចិត្តដល់រូបវន្តបុគ្គល និងនីតិបុគ្គល ដែលបានចូលរួមប្រតិបត្តិសកម្មភាពមេត្រីភាពបរិស្ថានឆ្នើម និងបន្តផ្សព្វផ្សាយ និងការចែករំលែកបទពិសោធន៍នៃការប្រតិបត្តិមេត្រីភាពបរិស្ថានដល់សាធារណជនបន្ថែមទៀត។ ឯកឧត្តមបានចាត់ទុកថាការផ្សព្វផ្សាយនេះ គឺជាសញ្ញាណវិជ្ជមានបំផុសដល់សាធារណជន ឱ្យចូលរួមក្នុងសកម្មភាពមេត្រីភាពបរិស្ថាន ការធ្វើអនាម័យបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ រក្សាបាននូវ សោភណ្ឌភាព អនាម័យ និងសុវត្ថិភាពបរិស្ថានក្នុងទីក្រុង។

ឯកឧត្តមបញ្ជាក់ថា កន្លងមកនេះអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន ដោយបានរួមសហការអនុវត្តន៍នូវតួរនាទីភារកិច្ច ដែលក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងមកថ្នាក់ក្រោមជាតិ ទាំងបច្ចេកទេស និងថវិកា ដើម្បីអោយការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តនៅតែបន្តបំផុស កៀរគរ ដៃគូរអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិនានា ក៏ដូចបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជននានាក្នុងខេត្ត ឱ្យចូលរួមសកម្មថែមទៀត ក្នុងបុព្វហេតុការពារគុណភាពបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិក្នុងខេត្តរ ដើម្បីឱ្យប្រើប្រាស់បានយូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយ៕

ប្រភព៖ ​ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន

ads banner