លោក ចូ បៃដិន ចោទប្រកាន់លោក ដូណាល់ ត្រាំ ថា បរាជ័យក្នុងការគ្រប់គ្រង Covid-19 ដែលឥឡូវនេះសម្លាប់ប្រជាជនអាមេរិក២២ម៉ឺន៦ពាន់នាក់ហើយ
អាមេរិក៖ បេក្ខជនប្រធានាធិបតីអាមេរិករបស់គណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន នៅថ្ងៃអង្គារនេះ បានចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលជាដៃគូប្រជែងរបស់ខ្លួនថា បានបរាជ័យក្នុងការគ្រប់គ្រង និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCOVID-19 នេះបើតាមសារព័ត៌មានAFPនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។
អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុង វ៉ម ស្ព្រីងស៍ រដ្ឋ ចរជា លោក ចូ បៃដិន បានចោទប្រកាន់សេតវិមានថា មិនដែលព្យាយាមបញ្ឈប់ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណានោះទេ ដែលឥឡូវនេះបានសម្លាប់ប្រជាជនអាមេរិក ២២ម៉ឺន៦ពាន់នាក់ហើយ ។ បន្ថែមលើនេះ លោក បៃដិន បានសន្យាថា រូបលោកនឹងព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតសកលមួយនេះ ។
សូមបញ្ជាក់ថា បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យមានវ័យ៧៧ឆ្នាំរូបនេះ បានធ្វើការប្រមូលផ្ដុំគ្នាបែបសង្គមនៅទីក្រុងអាត្លង់តា ដែលជាទីក្រុងធំបំផុតរបស់រដ្ឋ ចរជា និងជាកន្លែងដែលលោកបានធ្វើការវាយប្រហារដដែលៗទៅលើលោក ត្រាំ ប៉ុន្តែក៏បានជំរុញឱ្យអ្នកបោះឆ្នោតទទួលស្គាល់ថា រដ្ឋនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការយកឈ្នះលើគូប្រជែង ៕