ប្រធានសមាគមសណ្ឋាគារកម្ពុជាខេត្តសៀម រាបអះអាងថា នៅក្នុងខេត្តសៀមរាប បច្ចុប្បន្ននេះ មានសណ្ឋាគារប្រមាណ១០ភាគរយ ប៉ុនណ្ណោះដែលបានដំណើរការ
លោក ដេវីដ ចាយ៉ា ភីអូត (David Jaya PIOT) ប្រធានសមាគមសណ្ឋាគារកម្ពុជា ខេត្តសៀម រាបនៅ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចប់ កិច្ចប្រជុំ ប្រចាំខែតុលា របស់សមាគមសណ្ឋាគារ កម្ពុជាខេត្តសៀមរាបថា ដោយសារតែវិបត្តិនៃកូវិដ១៩ បានធ្វើឲ្យការធ្វើ អាជីវកម្មសណ្ឋាគារសម្រាប់បម្រើឲ្យវិស័យទេសចរនៅទូទាំងពិភពលោកបានជួបបញ្ហា។ ជាស្តែងនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជាការធ្វើអាជីវកម្មក្នុងវិស័យសណ្ឋាគារត្រូវបានជាប់គាំង ដោយមានសណ្ឋាគារខ្លះបានបិទ ខ្លះបានលក់ ដោយសារតែគ្មានភ្ញៀវទេសចរចេញដើរ កម្សាន្តព្រោះតែខ្លាចឆ្លងកូវិដ១៩ ។ លោកបានបញ្ជាក់ថា នៅក្នុងខេត្តសៀមរាបបច្ចុប្បន្ននេះ មានសណ្ឋាគារប្រមាណ១០ភាគរយប៉ុណ្ណោះដែលបានដំណើរការ ដែលសណ្ឋាគារទាំងនោះ ជាសណ្ឋាគារដែលផ្តោតសំខាន់ទៅលើភ្ញៀវទេសចរណ៍ក្នុងស្រុក ហើយការដំណើរនេះមិន ទទួលបានប្រាក់ចំណេញទេ ដោយគ្រាន់តែអាចម៉ាទប់ទល់ការចំណាយប្រចាំខែ និងសណ្ឋាគារខ្លះ ក៏ខាតថែមទៀតផង ។ ប៉ុន្តែទោះជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបែបនេះក៏ពិតមែន ប៉ុន្តែវិស័យឯកជន នៅតែខិតខំចូលរួមជាមួយអាជ្ញាធរក្នុងការរៀបចំផែនការសម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិនៅពេលចប់ វិបត្តិកូវិដ១៩ ។
ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា ចាប់ពីដើមឆ្នាំ២០២០ រហូត ដល់ ពេលបច្ចុប្បន្ន ខេត្តសៀមរាប ក៏ដូចជាកម្ពុជា និងពិភពលោកទាំងមូល បានរងនូវផលប៉ះពាល់ដ៏ ធ្ងន់ធរ ពីជំងឺកូវីដ-១៩។ ស្ថិតក្នុងស្ថានភាពដ៏លំបាក នៃផលប៉ះពាល់ជំងឺឆ្លងកូវីដ-១៩នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចសកលក៏ដូចជាសេដ្ឋកិច្ចជាតិ ពិសេសបងប្អូនប្រតិបត្តិករ និងអ្នកបម្រើការងារ ក្នុងវិស័យទេស ចរណ៍ ។ ផលវិបាកនៃជំងឺកូវី-១៩នេះ បានធ្វើឲ្យខេត្តសៀមរាប ពិសេសតំបន់រមណីយដ្ឋានអង្គរ ដែលធ្លាប់ តែទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករបែរជាមានភាពស្ងប់ស្ងាត់។ ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពបែបនេះ វិស័យឯកជន និងរដ្ឋត្រូវតែ រួមគ្នារៀបចំផែនការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនាពេលបច្ចុប្បន្ន និងការរៀបចំផែន ការសម្រាប់ទាក់ ទាញភ្ញៀវទេសចរអន្តរជាតិនៅពេលចប់វិបត្តិកូវិដ១៩ ។ ដូចជានៅពេលនេះរាជរដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់ស្ថាបនាផ្លូវចំនួន ៣៨ខ្សែក្នុងខេត្តសៀមរាប ដើម្បីជម្រុញដល់កិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត លើកកម្ពស់សោភ័ណ ភាពក្រុងសៀមរាប ពិសេសបានរួមចំណែកយ៉ាងខ្លាំងដល់សក្តានុពលទេសចរណ៍ និងអាជីវកម្ម វិនិយោគក្នុងខេត្តសៀមរាប ឲ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាប ។ ឯកឧត្តមបន្តថា នៅពេលផ្លូវទាំង៣៨ខ្សែនេះស្ថាបនារួចរាល់វានិងក្លាយ ទៅជាចំណែកមួយក្នុងការទាក់ទាញ់ភ្ញៀវទេសចរក្រោយចប់កូវិដ ។ ក្រៅពីនេះយើងត្រូវរៀបចំតំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ឲ្យបានច្រើន និងប្លែកៗជាច្រើន ទៀតសម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប