ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមាន​ប្រសាសន៏ថា បើគ្មានសន្តិភាព ក៏គ្មាន​ការ​អភិវឌ្ឍន៏ សេរីភាព សិទិ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យឡើយ

អត្ថបទដោយ៖
ជា សេឌី

កិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារចុះជួយខេត្តកំពង់ចាម រយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចបន្ត ត្រូវបាន​រៀប​ចំធ្វើនៅសាលប្រជុំគណបក្សខេត្ត ព្រឹកថ្ងៃទី២៨ តុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម​ ។

ឯកឧត្តម អ៊ុន ចាន់ថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន   គណៈកម្មា​ធិការគណបក្សខេត្តកំពង់ចាម បានឡើងអានរបាយការណ៏បូកសរុបការងារគណបក្ស  និងទិសដៅភារកិច្ចបន្ត ក្នុងនោះមាន​ស្ថានការណ៏នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាសង្គម ការអនុវត្តន៏គោល​នយោ​បាយ​គាំពារសង្គម សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការងារសមាគម​អតីតយុទ្ឋជន, ស្ថានភាពកូវីដ១៩ ក្នុងនោះមានវិធានការនៃការគ្រប់គ្រងអ្នកជម្ងឺ ការគ្រប់គ្រងពលករ ពលការិនី ការជួយឧបត្ថម្ភពលរដ្ឋដែលរងគ្រោះដោយកូវីដ១៩, ការប្រជុំជីវភាពគណបក្ស, ការចាត់តាំង និងការកសាង​ពង្រឹងគណបក្ស, ព្រមទាំងទិសដៅភារកិច្ចបន្តដែលមាន១១ចំណុចផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមាន​ប្រសាសន៏ថា សព្វថ្ងៃ​ប្រទេស​កម្ពុជាមាន​សុខសន្តិភាព​ពេញផ្ទៃប្រទេស មានស្ថេរភាពសេដ្ឋកិច្ច-សង្គម  និងឯកភាពជាតិ​ទាំងស្រុង ព្រមទាំង​បានអភិវឌ្ឍន៏​ប្រទេសជាតិឲ្យមានការរីកចំរើនលើគ្រប់​វិស័យក្រោមយុទ្ឋសាស្ត្រ​ឈ្នះ ឈ្នះ របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយប្រជាជន​កម្ពុជា​សព្វថ្ងៃកំពង់ទទួល​បាននូវ​អត្ថមនុញ្ញផល​នៃសុខសន្តិភាពនេះ។ ដូច្នេះ យើងត្រូវថែរក្សាឲ្យបាននូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ ព្រោះបើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៏ សេរីភាព សិទិ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យឡើយ។ ថ្មីនេះ ក្រុមឧទ្ទាមក្រៅច្បាប់មានបំណងធ្វើបាតុកម្ម     ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ក្រោមលេសចោទប្រកាន់ថា មានកងទ័ពចិននៅកម្ពុជា។ ឯកឧត្តម សង្កត់ធ្ងន់ថា ការ​ស្វែង​យល់ឲ្យបានច្បាស់ពីបញ្ហា និងសំណូមពរ​នានា​របស់ប្រជា​ពលរដ្ឋ​តាមរយៈវេទិការសាធារណៈ​ គឺជាកិច្ចការចាំបាច់ដែលយើងត្រូវតែធ្វើ ​ហើយត្រូវដោះស្រាយរាល់​បញ្ហាទាំងនោះ​ប្រកប​ដោយ​សមធម៌ និងតម្លាភាព និង​ត្រូវរិះរកមធ្យោបាលគ្រប់បែបយ៉ាង​ ដើម្បី​ឆ្លើយ​តបតាម​សំណូពរ​របស់ពួកគាត់ឲ្យមាន​ប្រសិទ្ឋិភាព។ យើងត្រូវខិតខំបំពេញភារកិច្ច​ដែល​រាជរដ្ឋាភិបាល​បានប្រគល់ជូន ពិសេសសំរេចឲ្យបាន​ជោគជ័យនូវកម្មវិធីនយោបាយ​ដំណាក់​កាលទី៤ របស់​រាជ​រដ្ឋាភិបាល ដោយប្រើប្រាស់នូវធនធានសរុប មធ្យោបាយសរុប កំលាំងសរុប ព្រមទាំងធ្វើការ​សម្រប​សម្រួលគ្រប់ការងារ និងផ្សារភ្ជាប់ក្រុមការងារ​ជាមួយប្រជាពលរដ្ឋ ជាពិសេសអនុវត្តនូវអភិក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺងូតទឹក ​ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។

ឯកឧត្តមក៏បានផ្តល់នូវយុទ្ឋសាស្ត្រ និងវិធានការជាក់ស្តែងនានារបស់គណបក្សខេត្ត​ ដើម្បីឆ្លើយ​តបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងនោះទី១. បន្តចុះជួយពង្រឹង​ និងពង្រីក​សមាជិក​គណបក្សនៅមូលដ្ឋានដោយឈរលើទ្រឹស្តី “រក្សាចាស់ បង្កើតថ្មី លើមូលដ្ឋានដែលមានស្រាប់ និងសមាជិកបក្ស១នាក់ ជាសំលេងឆ្នោត១សន្លឹករបស់គណបក្ស”, ទី២. ​បន្តជំរុញការអភិវឌ្ឍ និងថែទាំហេដ្ឋារចនាសម្ព័នតាមជនបទ, ទី៣. បន្តធ្វើវេទិការសាធារណៈ, ទី៤.ពង្រឹងការត្រៀមរៀបចំខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ឆ្នាំ២០២៣, ទី៥. បន្តការយកចិត្តទុកដាក់គ្រប់គ្រងសមាជិកថ្មីដែលគ្រប់អាយុចុះបោះឆ្នោត និងបានចុះឈ្មោះរួចហើយនៅឆ្នាំ២០២០ និងទី៦​. ស្ថាប័នពាក់ព័ន្ឋនៅថ្នាក់ខេត្ត ត្រូវបន្តអប់រំ និងតាមដានដោយយកចិត្តទុកដាក់ក្នុងវិធានការបង្ការ ទប់ស្កាត់ ​និងការពារការរាតត្បាតជម្ងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាមរបស់យើង៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner