ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបាចូលជួបសំដែងការគួរសម

ភ្នំពេញ៖  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអនុញ្ញាតឲ្យលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបា ចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង។

   ក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសគុយបា អំពីបេសកកម្មរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានដូចជាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលផ្ដល់នូវសុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធិ ការគៀងគរវិនិយោគទុនក្នុងវិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋនិងការកាត់បន្ថយឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅតាមបណ្ដារាជធានីខេត្តឲ្យបានឆាប់រហ័ស  ការគ្រប់គ្រងវិស័យសំណង់ និងការថែរក្សាតំបន់ឆ្នេរជាដើម។ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការខូចខាតនិងផលប៉ះពាល់ផ្សេងៗដែលបង្កឡើងដោយសារគ្រោះទឹកជំនន់មួយរយៈពេលកន្លងមកថ្មីៗនេះដែលក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់បានទាន់ពេលវេលានោះ មកទល់ពេលនេះស្ថានភាពគ្រោះទឹកជំនន់ក៏បានធូរស្រាលឡើងវិញហើយ។ ឯកឧត្តម បានយល់ស្របថា កន្លងមកតាំងពីឆ្នាំ ១៩៧៩ កម្ពុជាក៏តែងតែបានជួបនូវផលលំបាកជាច្រើន ក៏ប៉ុន្តែកម្ពុជា ក៏ទទួលបានការលើកទឹកចិត្ត ពីរដ្ឋាភិបាលប្រទេសគុយបា ដោយបានផ្ដល់នូវជំនួយផ្សេងៗ ជាពិសេសទាក់ទងនឹងវិស័យសុខាភិបាល។

លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសគុយបា បានបង្ហាញអំពីការចូលរួមរំលែកទុក្ខ ពីប្រជាជននិងរដ្ឋាភិបាលគុយបា ចំពោះប្រជាពលរដ្ឋកម្ពុជាទាំង ៣៦ នាក់ដែលបានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នេះផងដែរ ហើយលោកជំទាវ ជឿជាក់ថាស្ថានភាពគ្រោះទឹកជំនន់នាពេលនេះ បានធូរស្បើយ ហើយសង្ឃឹមថា កម្ពុជានៅតែបន្តការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដោយរលូន ជាបន្តបន្ទាប់ទៀតជាពិសេស លោកជំទាវ ក៏បានកោតសរសើរដល់កម្ពុជាថាជាប្រទេសគំរូមួយដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងរាតត្បាតកូវីត១៩ ដែលកំពុងរីករាលដាលនៅតាមបណ្ដាប្រទេសនៅពាសពេញពិភពលោកផងដែរ។លោកជំទាវឯកអគ្គរដ្ឋទូតបានឲ្យដឹងថាការចូលជួបសំដែងការគួរសមនាពេលនេះគឺចំពេលគម្រប់ខួប ១ឆ្នាំដែលលោកជំទាវបានមកដល់ប្រទេសកម្ពុជាក្នុងនាមជាឯកអគ្គរដ្ឋទូតនេះនិងបានសង្កេតឃើញថាការរៀបចំនគរូបនីយកម្មនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជាគឺពិតជាមានការអភិវឌ្ឍរីកចម្រើនជឿនលឿនធំអស្ចារ្យខុសពីអ្វីដែលលោកជំទាវធ្លាប់បានឮពីមុនមក។ម្យ៉ាងទៀតឆ្នាំ ២០២០ នេះជាឆ្នាំនៃខួបគម្រប់ ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងគុយបាដូច្នេះហើយភាគីគុយបានឹងរៀបចំកម្មវិធីជាច្រើនទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងគុយបា ដោយក្នុងនោះស្ថានទូតគុយបាកំពុងតែខិតខំរិះរកមធ្យោបាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាហើយនឹងស្វះស្វែងជួបជាមួយបណ្ដាក្រសួងស្ថាប័ននានាដើម្បីធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីព្រោះកន្លងមកគុយបាធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសុខាភិបាល អប់រំ កីឡា វប្បធម៌និងកសិកម្មប៉ុន្តែសង្ឃឹមថានឹងមានវិស័យផ្សេងៗទៀតដែលស្ថានទូតគុយបាអាចធ្វើសហប្រតិបត្តិការជាមួយកម្ពុជាបាន។

    ជាការឆ្លើយតបឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានថ្លែងអំណរគុណដល់ប្រទេសគុយបាដែលបានផ្ដល់នូវសច្ចភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកម្ពុជាទទួលបានជោគជ័យជាពិសេសគឺជោគជ័យលើផ្នែកសេដ្ឋកិច្ចផងដែរ។ឯកឧត្តមបានបញ្ជាក់ថាថ្វីដ្បិតតែក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មិនធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសគុយបាកន្លងមកនោះក៏ពិតមែនប៉ុន្តែក្នុងឱកាសនេះក្រសួងក៏នឹងខិតខំរិះរកមធ្យោបាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងស្ថានទូតគុយបាផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner