ថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ថ្លែងអំណរគុណបុគ្គលិកដែលបានចូលរួមបំពេញការងារកន្លងមក
ភ្នំពេញ ៖ ថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា បានថ្លែងអំណរគុណការខិតខំប្រឹងប្រែងបំពេញការងាររបស់បុគ្គលិកទាំងអស់ និងបង្ហាញការចែករំលែកក្តីស្រឡាញ់ដល់បុគ្គលិក ដែលមានជីវភាពប្រឈមនឹងការលំបាកក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ពិធីនេះបានរៀបចំឡើងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ ឌិត នីតា សហប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើននាក់។
ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ ក្នុងនាមលោកជំទាវសហប្រធាន និងថ្នាក់ដឹកនាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ថាវេទិកានាថ្ងៃនេះ រៀបចំឡើងដើម្បីថ្នាក់ដឹកនាំបានជួបសំណេះសំណាលប្រកបដោយភាពស្និតស្នាល និងថ្លែងអំណរគុណដល់បុគ្គលិកគ្រប់ផ្នែក ដែលបានរួមសហការគ្នាបំពេញការងារយ៉ាងសកម្ម ទាំងកម្លាំងកាយ និងកម្លាំងចិត្តនាពេលកន្លងមក ក្នុងការផលិត ចងក្រង អត្ថាធិប្បាយ និងផ្សព្វផ្សាយពីព័ត៌មាន ព្រឹត្តិការណ៍ថ្មីៗ កម្មវិធីអប់រំ កម្សាន្តប្លែកៗ រួមទាំងព្រឹត្តិការណ៍កីឡា តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងតាមប្រព័ន្ធអនឡាញ APSARA MEDIA SERVICES (AMS) ជូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានទស្សនាកម្សាន្ត។ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា ជាមួយការថ្លែងអំណរគុណដល់បុគ្គលិកដែលមានជីវភាពប្រឈមនឹងការលំបាក ថ្នាក់ដឹកនាំស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា បានរៀបចំជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួនថែមទៀត ដែលក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរពីជីវភាពរបស់បុគ្គលិកទាំងអស់ ហើយក៏ជាកាយវិការចែករំលែកការលំបាកជាមួយគ្នាផងដែរ ។ កន្លងមកនេះ ថ្នាក់ដឹកនាំស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានសហការជាមួយក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ទីស្តីការគណៈរដ្ឋមន្រ្តី ក៏បាននាំយកអំណោយជូនដល់កងកម្លាំងទាំងបីប្រភេទ ដែលកំពុងប្រចាំការជួយសង្គ្រោះប្រជាពលរដ្ធ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសកម្មភាពមនុស្សធម៌ និងការចូលរួមចែករំឡែកការលំបាកនេះ ក៏មិនត្រូវភ្លេចគ្រួសារបុគ្គលិកដែលងាយរងគ្រោះដោយបញ្ហាផ្សេងៗផងដែរ។
ឯកឧត្តមនេត្រ ភក្រ្តា បញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា គឺជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញនូវការផ្សព្វផ្សាយព័ត៌មាន និងបញ្ជ្រាបនូវការយល់ដឹងផ្សេងៗ ដល់សាធារណៈ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសផងដែរ ។
ថ្នាក់ដឹកនាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានលើកទឹកចិត្តឱ្យបុគ្គលិកគ្រប់ផ្នែកទាំងអស់ រួមដំណើរជាមួយគ្នាបន្ថែមទៀត ក្នុងការប្រែក្លាយទូរទស្សន៍ក្នុងស្រុកមួយនេះ ឈានទៅប្រព័ន្ធផ្សព្វផ្សាយដែលឈានមុខមួយនៅកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ដល់សាធារណៈជន និងការអភិវឌ្ឍប្រទេស។ ជាមួយគ្នានោះ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ធកម្ពុជា តាមប្រព័ន្ធផ្សាយឱ្យកាន់តែទំនើបជាងមុន គឺផ្លាស់ប្តូរពីការផ្សាយពីប្រព័ន្ធ Analog ទៅជាប្រព័ន្ធ HD ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នេះតទៅ ហើយបន្ទាប់មកគឺឈានឆ្ពោះទៅការផ្សាយអប្សរាឌីជីថល ឱ្យស្របទៅតាមដំណើរវិវត្តន៍រីកចម្រើននិងជឿនលឿននៃប្រទេសកម្ពុជា និងពិភពលោក នាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ផងដែរថា ក្នុងជួបសំណេះសំណាលនេះ ថ្នាក់ដឹកនាំស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា បានចែកសម្ភារៈនិងគ្រឿងឧបភោក បរិភោគ ដល់បុគ្គលិកចំនួន៥០ នាក់ ដោយម្នាក់ៗទទួលបានអង្ករ មី និងត្រីខ ៕