ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យមើលផ្លូវលំជនបទច្រើនខ្សែតាមបណ្តាស្រុក ដែលរងការខូចខាតធ្ងន់ធ្ងរនៅក្នុងខេត្តបាត់ដំបងនិងនាំយកគ្រឿងចក្រឈូសឆាយ ចុះទៅធ្វើការជួសជុលបន្ទាន៎ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមក
កំណាត់ផ្លូវលំជនបទប្រវែងជាង១០គ.ម ដែលកាត់ផ្តាច់ដោយគ្រោះទឹកជំនន់កន្លងមក ស្ថិតក្នុងភូមិតាវេន ឃុំព្រែកជីក និងភូមិឈូក ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបងដោយ បង្កការរំខានក្នុងការធ្វើចរាចរណ៍ទៅមក របស់បងប្អូនប្រជាកសិករស្រែចម្ការនៅទីនោះដែលកំពុងជួបការលំបាកខ្លាំងក្នុងការដឹកកសិផលចេញចូលទៅកាន់ទីផ្សារមួយរយៈនេះ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទនិងមន្ទីរជំនាញផ្ទាល់ បានយកគ្រឿងចក្រធ្វើការជួសជុលបន្ទាន់ផ្លូវលំមួយខ្សែក្នុងភូមិសាស្ត្រខាងលើនៅព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។
ការចុះពិនិត្យមើលខ្សែផ្លូវនៃផ្លូវលំជនបទនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នេះ បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងអមដំណើរពីលោក ហែម សុវណ្ណ អនុប្រធានមន្ទីរ និងមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ផងដែរ។
តាមរយៈការចុះត្រួតពិនិត្យមើលផ្លូវលំជនបទក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងនេះ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា៖គោលបំណងដែលចុះបេសកកម្មនៅទីនេះ គឺផ្តោតសំខាន់ ក្នុងការចុះពិនិត្យខ្សែផ្លូវអាទិភាព។ជាផ្លូវលំជនបទដែលកំពុងតែរងគ្រោះដោយទឹកជំនន់កន្លងមក និងបានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនិងរងផលប៉ះពាល់ខ្លាំងក្នុងខេត្តដើម្បីធ្វើការកែលម្អផ្លូវខូចខាតទាំងនោះឡើងវិញ។
ថ្មីៗកន្លងទៅនេះក្នុងឱកាសចុះពិនិត្យមើលផ្លូវលំជនបទ ក្នុងភូមិសាស្ត្រ ស្រុករុក្ខគីរី ជាមួយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យធ្វើការវាយតម្លៃពីស្ថានភាពផ្លូវដែលរងផលប៉ះពាល់និងការខូចខាតដោយទឹកជំនន់កន្លងមកនេះ លោក វ៉ាន់ថុល បានឲ្យដឹងថា៖ទិន្នន័យដែលប្រមូលបានជាបឋមសរុបចំនួន១០៩ខ្សែផ្លូវ។ក្នុងនោះផ្លូវខូចខាតខ្លាំង ចំនួន១០០គ.ម និងផ្លូវដែលរងការហូរច្រោះដាច់ ចំនួន ១៧២គ.ម។
តាមការឲ្យដឹងពីលោក សេង សុវុធ ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹង ពេលដែលចុះទៅពិនិត្យមើលខ្សែផ្លូវលំជនបទក្រាលក្រួសក្រហមមួយចំនួនដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសង្កែ,ស្រុកមោងឫស្សីនិងស្រុករុក្ខគីរី បានគូសបញ្ជាក់ឲ្យដឹងថា៖ ចំនួនខ្សែផ្លូវលំជនបទដែលមន្ទីរជំនាញបានកំណត់ជាអាទិភាពក្នុងការជួសជុលកែលម្អឲ្យប្រសើរឡើងវិញ សរុបចំនួន ១១ខ្សែ និងមានប្រវែងសរុបជិត១៦០គ.ម។
ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ក្រៅពីចុះពិនិត្យមើលផ្លូវលំអាទិភាព នៅតាមបណ្តាស្រុកគោលដៅក្នុងខេត្តបាត់ដំបង។ ក្នុងនោះក្រសួងក៏បានចុះទៅពិនិត្យនិងធ្វើការជួសជុលបន្ទាន់ផងដែរ លើកំណាត់ផ្លូវលំជនបទដែលមានការហូរដាច់ផ្លូវ ធ្វើឲ្យការចរាចរ របស់ប្រជាពលរដ្ឋនៅទីនោះ ជួបការលំបាកខ្លាំង ដែលតម្រូវឲ្យក្រសួងនិងមន្ទីរជំនាញក្នុងខេត្តធ្វើការជួសជុលបន្ទាន់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមកក្នុងការដឹកជញ្ជូននូវកសិផលឲ្យចរាចរណ៍ចេញចូល ប្រសើរឡើងវិញ។
បើតាមការគូសបញ្ជាក់ពីលោក ជា សម្បត្តិ អភិបាលស្រុករុក្ខគីរី បានឲ្យដឹងថា៖ផ្លូវលំមួយខ្សែដែលក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទ នាំយកគ្រឿងចក្រមកធ្វើការឈូសឆាយចាក់ក្រួសក្រហមដើម្បីជួយសម្រួលដល់ការធ្វើដំណើររបសប្រជាពលរដ្ឋនៅទីនេះ គឺជាការឆ្លើយតបទៅនិងតម្រូវការនិងសំណូមពរប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវលំដ៏សំខាន់មួយនេះ។ ក្នុងពេលជួសជុលផ្លូវលំនេះ លោកអភិបាលស្រុករុក្ខគីរី ក៏បានសំដែងការអរគុណនិងដឹងគុណដល់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សម្តេចក្រឡាហោម ស ខេង និងជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការស្តារនូវហេដ្ឋារចនាសម្ព័ន្ធសង្គមក្នុងស្រុកឡើងវិញតាមរយៈ ការផ្តល់ការជួសជុលបន្ទាន់នូវផ្លូវលំមួយខ្សែនេះ ដែលរងការបំផ្លាញដោយទឹកជំនន់ កន្លងមកនេះ ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )