បុរសម្នាក់ត្រូវរថយន្ត HINO បុក និងកិនអូសជាង៥០ម៉ែត្រស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសស្រាល
ភ្នំពេញ៖ រថយន្តម៉ាក HINO ប្រភេទសណ្ដោងកុងតឺន័រ មួយគ្រឿង បានបេីកបុកម៉ូតូ មួយគ្រឿងកំពុងធ្វេីដំណេីរ បណ្ដាលឲ្យកិនបុរសម្នាក់អូសជាង៥០ម៉ែត្រ ស្លាប់ក្នុងថ្លុកឈាម និងបុរសម្នាក់ទៀតរងរបួសស្រាល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តាញផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម (ស) ពាក់ផ្លាកលេខ ភ្នំពេញ 1HI-4409 អ្នកបេីកបរឈ្មោះ នីម ឃឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ (រងរបួសស្រាល) ។ ឯអ្នករួមដំណេីរឈ្មោះ វ៉ាន់ នីរិទ្ធបញ្ញាសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ សង្កាត់ ជាមួយគ្នា (ស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកេីតហេតុ) ។ ដោយឡែកភាគីរថយន្ត ម៉ាក HINO ពណ៌ស្លែប្រភេទរថយន្តសណ្តោងកុងតឺន័រ ពាក់ស្លាកលេខ ក្រុព្រះសីហនុ 3A-0846 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) ។
តាមសម្ដីជនរងគ្រោះដែលរងរបួសស្រាលបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ រូបគេនិងជនរងគ្រោះដែលស្លាប់បានចេញពីធ្វេីការរោងចក្រ ជិះម៉ូតូមួយគ្រឿងឌុបគ្នាបំណងទៅផ្ទះនៅឯសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចមកកេីត ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តបង្កខាងលេីបេីកមកបុកពីក្រោយ បណ្ដាលឲ្យអ្នកអង្គុយខាងក្រោយខ្ទៀតចូលក្រោមកង់រថយន្តកិនអូសជាង៥០ម៉ែត្រ ស្លាប់ក្នុងថ្លុកឈាម រីឯរូបគាត់ជាអ្នកឌុបរងរបួសស្រាល ។
បច្ចុប្បន្ន សពរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ ដោយ៖ ជីម ភារ៉ា