បុរសអនាថាម្នាក់ដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋឡេីងហេីមស្អុយ ទេីបដឹងដល់អាជ្ញាធរចុះពិនិត្យ
ភ្នំពេញ៖ មានបុរសអនាថាម្នាក់បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ និងសមត្ថកិច្ច កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ដែលជាមនុស្សសតិមិនសូវល្អ ឬជនអនាថា។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ៤ ទៅ៥ថ្ងៃ គេសង្កេតឃេីញជនរងគ្រោះដេីរចុះឡេីងម្ដុំកន្លែងកេីតហេតុ ដោយសំលៀបបំពាក់ចាស់ៗហេីយចរិកមិនសូវល្អ សង្ស័យជាជនអនាថាគ្មានទីពឹង ក្រោយមកក៏មិនឃេីញគាត់ដេីរឆ្លងកាត់ដូចសព្វដង។ បន្ទាប់មកក៏មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់កន្លែងកេីតហេតុបានធំក្លិនស្អុយ ទេីបដឹងថា ជនរងគ្រោះបានស្លាប់ទៅហេីយក៏រាយការណ៍អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឲ្យចុះមកពិនិត្យជាក់ស្ដែងតែម្ដង។
ក្រោយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទទួលបានដំណឹងនេះភ្លាម ក៏បានចុះមកដល់ហេីយទាក់ទងទៅជំនាញកោសល្យវិច័យឲ្យពិនិត្យបន្ថែមទេីបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ ឬគាំងបេះដូង ដោយខ្លួនឯងពុំមានពាក់ព័ន្ធករណីអត្តឃាត ឬឃាតកម្ម នោះទេ។ បន្ទាប់មកក៏ធ្វេីឯកសារប្រគល់សពឲ្យទៅខាងរថយន្តសង្គ្រោះ ដឹកយកតំកល់នៅវត្តទឹកថ្លា ដេីម្បីបូជាតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា