សូមចូលរួមរំលែកទុក្ខ!! ចៅសង្កាត់ស្ទឹងមានជ័យ១ ដែលបំរេីការងារជាង២០ឆ្នាំកន្លងមក ត្រូវបានទទួលមរណភាពហេីយ
ភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ១ ដែលពលរដ្ឋតែងស្ងប់ស្ងែងកោតសសើរ និងគោរពស្រលាញ់កន្លងមក ត្រូវបានបានទទួលមរណហេីយ ។ នេះបើតាមគណនេយ្យហ្វេសប៊ុករបស់លោក សេង ស៊ីវ៉ាន់ថា កូនប្រុសបង្កើតរបស់លោក បានបង្ហោះនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ ។
លោក សេង សាញ់ ជាចៅសង្កាត់ដ៏ល្អ ជាអ្នកបម្រើរាស្ត្រដ៏គួរឲ្យគោរព និងពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ តែងស្ងប់ស្ងែងកោតសសើរ និងគោរពស្រលាញ់បំផុត ព្រោះគុណធម៌ សច្ចធម៌ និងសេចក្តីស្មោះត្រង់ ជាមួយប្រជារាស្ត្រ ក្នុងនាមជារាជការ ដែលមានកាតព្វកិច្ចបំពេញសេចក្ដីសុខ និងតម្រូវការជូនបងប្អូនពលរដ្ឋ ។ លោកតា ធ្វើជាចៅសង្កាត់អស់រយៈកាលជាង២០ឆ្នាំកន្លងហើយ តាំងពីសង្កាត់ស្ទឹងមានជ័យ ពុំទាន់ត្រូវបានបំបែកជា៣មកម្លេះ ។ ស្នាដៃ និងអំពើល្អជាច្រើនរបស់លោកតា បានបន្សល់ទុកនៅក្នុងមូលដ្ឋានស្ទឹងមានជ័យ ឲ្យពលរដ្ឋ និងកូនចៅជំនាន់ក្រោយ ចងចាំលោកពុំភ្លេចឡើយ ។
បច្ចុប្បន្ននេះ សពរបស់លោកកំពុងរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ស្ថិតក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយចូលរួមឲ្យបានអធិកអធម ដើម្បីជាការចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធរបស់គាត់ និងជូនដំណើរគាត់ជាលើកចុងក្រោយផងដែរ៕ ដោយ៖ ជីម ភារ៉ា