គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជ្រាបការផ្សព្វផ្សាយឧត្តមគតិអូឡាំពិក ក្នុងកម្មវិធី «គុណតម្លៃអូឡាំពិក»
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធី បញ្ជ្រាបការផ្សព្វផ្សាយឧត្តមគតិ អូឡាំពិក ប្រចាំឆ្នាំ ដែលឲ្យឈ្មោះថា «អប់រំគុណតម្លៃអូឡាំពិក» នៅច្រើនកន្លែង ដោយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅអនុវិទ្យាល័យបណ្តុះវិជ្ជា ស្ថិតនៅភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា តាមពិតកម្មវិធី «អប់រំគុណតម្លៃ អូឡាំពិក» នេះ ត្រូវប្រារព្ធធ្វើឡើងនៅដើមឆ្នាំ២០២០ ប៉ុន្តែដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ទើប កម្មវិធីនេះត្រូវលើកមកធ្វើនៅចុងឆ្នាំ២០២០នេះវិញ ដើម្បីបញ្ជ្រាបឧត្តមគតិអូឡាំពិក ជូនទៅដល់ ស្រទាប់មហាជនយុវជនឲ្យ និងសង្គមជាតិរបស់យើង ។ កម្មវិធីចលនាអូឡាំពិកនេះដែលបានធ្វើរួច ហើយនៅខេត្តកំពង់ធំ នៅបន្តធ្វើនៅខេត្តព្រះសីហនុ កែប កណ្តាល និងនៅរាជធានីភ្នំពេញ ដោយ បង្កើតជាសកម្មភាពលេងកីឡា បញ្ជ្រាបឧត្តមគតិអូឡាំពិក ដែលលើកទឹកចិត្ត និងនាំឲ្យមហាជន យុវជន សិស្សានុសិស្សបានចូលរួមប្រកួតប្រជែងគ្នា ស្វែងយល់អំពីរូបសញ្ញាអូឡាំពិក ការរត់ភ្លើងគុប អូឡាំពិក ។ ទាំងអស់នេះ គឺជាការបំពេញតាមគោលការណ៍របស់គណៈកម្មាធិការអន្តរជាតិអន្តរជាតិ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក ឧត្តមគតិអូឡាំពិក និងទទួលបានការគាំទ្រចលនា អូឡាំពិកទាំងក្នុង និងក្រៅប្រទេស ។
ជាមួយគ្នានោះ យើងក៏បានអញ្ជើញកីឡាករអូឡាំពិកចូលរួមក្នុងកម្មវិធី « អប់រំគុណតម្លៃ អូឡាំពិក» នេះ ហើយក្រៅពីនេះវាគ្មិនសំខាន់ៗ គឺជាអ្នកដែលធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលអូឡាំពិក ដែលនឹងត្រូវបន្តចែករំលែកបទពិសោធន៍ និងនាំឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សលេង កីឡាមាន ចំនួនប្រមាណ២០០នាក់ប៉ុណ្ណោះ ដោយមិនអុញ្ញាតឲ្យចូលរួមច្រើនគ្នាពេកទេ ដែលយើងត្រូវ អនុវត្ត តាមគោលការណ៍របស់ក្រសួងសុខាភិបាលផងដែរ ។ វាគ្មិនសំខាន់ៗ ដែលបានចូលរួមចែក រំលែកបទ ពិសោធន៍នេះ រួមមាន៖ លោក ញ៉ាន សុខវិសាល បង្ហាញអំពីគោលការណ៍គ្រឹះនៃទស្សនៈវិជ្ជាអូឡាំពិក និងគុណតម្លៃអូឡាំពិក ។ លោក ប៊ុយ សុភ័ណ្ឌ បង្ហាញលើប្រធានបទ កម្ពុជាឆ្ពោះទៅទទួល រៀបចំ ធ្វើ ម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ និងវេជ្ជបណ្ឌិត ហួត ចាន់ធានី បង្ហាញលើផ្នែកការបណ្តុះ បណ្តាលអប់រំ ស្តីពីជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា តាមការគ្រោងទុក NOCC នឹងបន្តធ្វើកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» នៅ៤ រាជធនី-ខេត្តទៀត ដូចជាខេត្តព្រះសីហនុ ខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដែលគ្រោង ចាប់ ពីថ្ងៃទី២ ខែវិច្ឆិកា ជាបន្តបន្ទាប់ ៕