បារាំង និងអាល្លឺម៉ង់វិលត្រឡប់ទៅរកវិធានការបិទទ្វារប្រទេសវិញ ក្រោយករណីឆ្លង Covid-19 ថ្មីៗកើនឡើងខ្លាំង
អាល្លឺម៉ង់៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានដាក់ចេញបទបញ្ជាអោយប្រទេសរបស់លោកពួកគាត់ វិលត្រឡប់ទៅរកវិធានការបិទទ្វារប្រទេសវិញ នៅថ្ងៃពុធនេះ ខណៈដែលរលកទី២នៃការចម្លងជំងឺ Covid-19 កំពុងគំរាមកំហែងនៅទូទាំងតំបន់អឺរ៉ុប មុនពេលរដូវរងាមកដល់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។
តួយ៉ាងអាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ នៅថ្ងៃពុធនេះ បានឲ្យដឹងថា គ្រាន់តែ២៤ម៉ោងកន្លងទៅ អាល្លឺម៉ង់បានរកឃើញអ្នកឆ្លងCOVID-19ថ្មីៗរហូតដល់១ម៉ឺន៤ពាន់៩៦៤នាក់ ដែលជាចំនួនមួយខ្ពស់បំផុតពុំធ្លាប់មាន ខណៈចំនួនករណីសរុបកើនឡើងដល់៤៦ម៉ឺន៤ពាន់២៣៩នាក់ ។ រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 កាលពីសប្តាហ៍មុន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយនៅថ្ងៃពុធនេះថា យកល្អត្រូវតែបំបែករលក COVID-19 ឥឡូវនេះ បើបណ្តោយរហូតទាល់តែមន្ទីរពេទ្យរកកន្លែងដាក់អ្នកជំងឺគ្មាន នៅពេលនោះគឺយឺតពេលហើយ ។
សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ស្ថានការណ៍ COVID-19 ជារួមនៅអឺរ៉ុបកាន់តែអាក្រក់ឡើងៗ ខណៈចំនួនករណីឆ្លង និងស្លាប់បានកើនឡើងយ៉ាងគំហុក ដែលបានបង្ខំឲ្យប្រទេសមួយចំនួន ចាត់វិធានការបិទទ្វាប្រទេសឡើងវិញ ៕