សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅព្រឹកស្អែកនេះ

អត្ថបទដោយ៖
Kien Sereyvuth

កណ្ដាល ៖ បើតាមការគ្រោងទុក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

កិច្ចប្រជុំផែនការការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ របស់រដ្ឋបាលខេត្តកណ្ដាល ត្រូវបានធ្វើឡើងនាថ្ងៃទី១៩ ខែមិថុនា ដែលដឹកនាំដោយឯ.ឧ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

ឯ.ឧ គង់ សោភ័ណ្ឌ បានថ្លែងថា ទឹកដីខេត្តកណ្ដាល ពិតជាមានវាសនាល្អណាស់ ដែលប្រមុខរាជរដ្ឋាភិបាល បានជ្រើសរើសសម្រាប់អភិវឌ្ឍន៍ ទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលធ្វើឱ្យខេត្តមួយនេះកាន់តែទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យចូលមកបណ្តាក់ទុនវិនិយោគ នៅក្នុងខេត្តកាន់តែច្រើន។

ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។

អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ប្រលានយន្តហោះភ្នំពេញថ្មី ធ្លាប់បានបញ្ជាក់ជុំវិញដំណើការ នៃការសាងសង់ព្រលានយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះថា អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ។

គួរបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner