ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា មានប្រសាសន៍ថាទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងសិង្ហបុរីលើការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈត្រូវបានពង្រីកគួរឱ្យកត់សម្គាល់

អត្ថបទដោយ៖
AMS

ឯកឧត្តម មៃខើល តាន់កេងស៊ីង (Michael Tan Keng Siong )ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាដែលនឹងបញ្ចប់បេសកកម្មនាពេលខាងមុខ កាលពីសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានចូលជួបសម្តែងការគួរសម និងជម្រាបលាឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបនេះ ទាំងឯកអគ្គរដ្ឋទូតសិង្ហបុរីនិង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បាន​​សម្តែងនូវក្តីសោមនស្សរីករាយចំពោះភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានរវាងកម្ពុជានិងសិង្ហបុរី។

ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានលើកឡើងថា ក្នុងរយៈពេលបំពេញបេសកកម្មការទូតរបស់ឯកឧត្តម មៃខើល តាន់កេស៊ីង (Michael Tan Keng Siong ) នៅកម្ពុជា ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងសិង្ហបុរីលើការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈត្រូវបានពង្រីកគួរឱ្យកត់សម្គាល់។ជាក់ស្តែង កម្មវិធីផ្លាស់ប្តូរពិសោធន៍ការងារ ទស្សនកិច្ចសិក្សា វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដែលបានរៀបចំឡើងនៅកម្ពុជានិងនៅសិង្ហបុរី និងវគ្គហ្វឹកហ្វឺនដទៃទៀតដែលជាកម្មវិធីសហការរវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា (ERA) និងសាលាមុខងារសាធារណៈសិង្ហបុរី(Singapore Civil ServiceCollege)មានមន្ត្រីរាជការកម្ពុជាជាច្រើនរយនាក់បានចូលរួម។

  ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី មៃខើល តាន់កេងស៊ីង Michael Tan Keng Siong បានគូសបញ្ជាក់អំពីលទ្ធភាពដែលអាចបង្កើតការងាររាប់ម៉ឺនកន្លែងដល់កម្មករ ពលករកម្ពុជា នាពេលខាងមុខ ពេលដែលកិច្ចសហប្រតិបត្តិការរវាងសិង្ហបុរីនិងកម្ពុជា ក្នុងការអនុវត្តគម្រោង ទាំង៣នៃការអភិវឌ្ឍទីក្រុងភ្នំពេញត្រូវបានបញ្ចប់ រួមមាន៖ គម្រោងគ្រប់គ្រងឡូជីស្ទីកភ្នំពេញ (Phnom Penh Logistics Complex Project) គម្រោងគ្រប់គ្រងសំរាម (Waste Management Project) និងគម្រោងបំប្លែងសំរាមទៅជាថាមពល (Waste to Energy Project)។

ចុងបញ្ចប់នៃជំនួប ឯកឧត្តមទាំងពីរបានប្តេជ្ញារួមគ្នាបន្តជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដល់ចំណងមិត្តភាពរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា សិង្ហបុរី៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner