បាត់ដំបង​៖ ជីវិតការងារ​របស់អ្នកបើក​ឡូរី​នៅ​ស្ទឹង​អូរ​ដំបង

ការងារ​បើក​ឡូរី​នៅ​ស្ទឹង​អូរ​ដំបង គឺជារ​បរស​ល់ពី​ដូនតា​របស់​អ្នកភូមិ​អូរ​ដំបង តាំងពី​ឆ្នាំ​១៩៧៨​មកម្ល៉េះ​។ អ្នកបើក​ឡូរី​នៅទីនេះ​ចងក្រង​គ្នា​ជា​សហគមន៍ ដើម្បី​ទទួលបាន​ប្រយោជន៍​រួម​។ ឡូរី​ដែល​នៅ​រក្សា​ភាព​ពាក់កណ្ដាល​បុរាណ​នេះ បច្ចុប្បន្ន​ភ្ញៀវ​ភាគច្រើន​ជា​ជនបរទេស​។​

ដើម្បី​អាច​ទៅដល់​កន្លែង​ជិះ​ឡូរី​នៅ​ស្ទឹង​អូរ​ដំបង គេ​គ្រាន់តែ​ធ្វើដំណើរ​ពី​ទី​រួម​ខេត្តបាត់ដំបង តាមផ្លូវ​ជាតិ​លេខ​១០ ប្រមាណ​៥​គីឡូម៉ែត្រ​តែប៉ុណ្ណោះ នោះគេ​នឹង​ទៅដល់​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង ដែលជា​ទីតាំង​ជិះ​ឡូរី​សល់​ពី​ឆ្នាំ​១៩៧៨​។ ​

រោង​ប្រក់​ក្បឿង​សម្រាប់​ឱ្យ​ភ្ញៀវ​ជ្រក​ភ្លៀង​និង​កម្ដៅ ឬ​អង្គុយ​រង់ចាំ ទំហំ​ទទឹង​ប្រមាណ​១០​ម៉ែត្រ​និង​បណ្ដោយ​ប្រហែលជា​១៥​ម៉ែត្រ ដែលមាន​គ្រែ​ត្រៀបត្រា​នៅក្រោម និង​មាន​តុ​កៅអី​ថ្ម​ខ្លះ​ផង​នោះ ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ជិះ​ឡូរី​។ ឡូរី​ធ្វើ​ពី​រនាបឫស្សី មាន​សណ្ឋាន​ដូចជា​គ្រែ​តែ​គ្មាន​ជើង ដែលមាន​ដាក់​កន្ទេលកក់​ពីលើ និង​មាន​ម៉ាស៊ីន​ជា​ជំនួយ​ឱ្យ​ឡូរី​ទៅមុខ​នោះ បានដាក់​តម្រៀប​គ្នា​ជា​ជួរ ប្របផ្លូវ​រថភ្លើង​។ អ្នកបើក​ឡូរី​មិន​ថា​ស្រី​ឬ​ប្រុស​នោះទេ ភាគច្រើន​មាន​សម្បុរ​ស្រអែម​និង​ខ្មៅ​។ ​

ម៉ោងជាង​១១​ព្រឹក​នៅទីនេះ​មិនមាន​អ្វី​លក់​ទេ ក្រៅពី​ធុង​លក់​ភេសជ្ជៈ​ព័ណ៌​ក្រហម​មួយ​នៅ​ជិត​ផ្លូវ​រថភ្លើង ក្បែរ​រោង​ប្រក់​ស័ង្កសី​តូច​មួយ​។ គ្រាន់តែ​ឃើញ​ភ្ញៀវ​ទៅដល់​ភ្លាម​មិន​ថា​ជា​ភ្ញៀវ​ខ្មែរ​ឬ​បរទេស​ឡើយ ម្ចាស់​វេន​ប្រមូលប្រាក់​បានចេញ​ពី​រោង​ប្រក់​ក្បឿង​មក​រាក់ទាក់​និង​ណែនាំ​ពី​សេវាកម្ម​ឡូរី​របស់ខ្លួន​។ ឡូរី​ដែលមាន​ជាង​២០​គ្រឿង ត្រូវបាន​បែងចែក​វេន​គ្នា ដើម្បី​ប្រមូលប្រាក់​វិលជុំ និង​វេន​បើក​ផងដែរ ដើម្បី​ទទួលបាន​ប្រយោជន៍​ស្មើគ្នា​។ បានន័យថា​បើ​ឡូរី​មាន​៣០ អ្នកបើក​ក៏មាន​៣០​នាក់​ដែរ ដូច្នេះ​មួយខែ ម្នាក់​មានតែ​មួយថ្ងៃ​តែប៉ុណ្ណោះ ដើម្បី​ប្រមូលប្រាក់ តែ​ពួកគេ​ត្រូវ​បើក​ឡូរី​រាល់ថ្ងៃ​។ បើ​មិន​ចំ​វេន​ប្រមូលប្រាក់​ទេ សមាជិក​ទាំងអស់​ទទួល​បាន​ប្រាក់ ១០,០០០​រៀល សម្រាប់​ដឹក​ភ្ញៀវ​មួយ​ជើង​។ សហគមន៍​បង្កើត​ប្រព័ន្ធ​បែបនេះ ដើម្បីឱ្យ​សមាជិក​ក្នុង​ក្រុម​របស់ខ្លួន​ទទួលបាន​ចំណូល​រាល់ថ្ងៃ និង​ស្មើភាព​គ្នា​។​

ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ពី​ចំណុច​ចាប់ផ្ដើម​នៅ​ស្ថានីយ​អូរ​ដំបង​២ ទៅដល់​គោលដៅ​ស្ថានីយ​អូរ​ស្រឡៅ ក្នុងស្រុក​សង្កែ​នោះ អ្នកជិះ​ឡូរី អាច​មើល​ទេសភាព​វាលស្រែ​ខៀវស្រងាត់ និង​ផ្ទះ​អ្នកភូមិ​នៅតាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ថែម​ទៀតផង​។ ពី​ដើមឡើយ​ឡូរី​នៅ​ស្ទឹង​អូរ​ដំបង​នេះ មិនមាន​ម៉ាស៊ីន​ដើម្បី​ជា​ជំនួយ​ឱ្យទៅ​មុខ​ឡើយ គឺ​រាល់​ការដឹង​ភ្ញៀវ ម្ចាស់​ឡូរី​ត្រូវយក​ឈើ​ដោល​ដើម្បីឱ្យ​ឡូរី​ទៅមុខ​។​​

ឡូរី​នៅទីនេះ​ត្រូវ​បើក​លើផ្លូវ​រថភ្លើង​តែម្ដង​។ ជា​សំណាងល្អ​រថភ្លើង​ផ្លូវ​នេះ មួយ​សប្ដាហ៍​រត់​តែម្ដង​តែប៉ុណ្ណោះ ជាហេតុ​នាំឱ្យ​អ្នកភូមិ​អូរ​ដំបង​អាច​ប្រកប​របរ​នេះ​បាន​ងាយស្រួល​។ នៅពេល​ចំ​ថ្ងៃ​រថភ្លើង​ឆ្លងកាត់ អ្នកបើក​រថភ្លើង​បាន​ជូនដំណឹង​ដល់​សហគមន៍​ឡូរី ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ដែល​អាច​កើតឡើង​ជាយថាហេតុ​ណាមួយ​លើ​ភ្ញៀវ​។ ជាធម្មតា​នៅពេល​ឡូរី​ពីរ​ជួប​ប្រសព្វ​គ្នា ឡូរី​ដែលមាន​ចំនួន​អ្នកជិះ​តិចជាង​ត្រូវ​លើក​ចុះ​ពី​ផ្លូវដែក​។ អ្នកបើក​ត្រូវ​ជួយ​លើក​ឡូរី​គ្នា​ទៅវិញទៅមក​។

​ថ្ងៃនេះ​ជា​វេន​ប្រមូលប្រាក់​របស់​អ្នកស្រី ប៉ាន់ សុមាលី​។ មាន​អាយុ​៤៦​ឆ្នាំ អ្នកស្រី​សុមាលី​បញ្ជាក់ថា របរ​ដែល​សល់​ពី​ដូនតា​មួយ​នេះ បាន​ជួយ​ឱ្យ​អ្នកភូមិ​អូរ​ដំបង មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ ដោយ​មិនចាំបាច់​ចំណាកស្រុក​។ ចាប់ផ្ដើម​បើក​ដឹក​ភ្ញៀវ​ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច អាស្រ័យ​មាន​ភ្ញៀវ​ច្រើន​ឬ​តិច ឡូរី​នៅ​ស្ទឹង​អូរ​ដំបង អាច​ទទួលបាន​ភ្ញៀវ​តែ​ប្រមាណ​២០​ជើង​តែប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​នៅ​ខែ​ខ្សត់​ភ្ញៀវ​។ ហើយ​ខែ​ដែល​សម្បូរ​ភ្ញៀវ​ពី​ខែ​វិច្ឆិកាដល់​ខែ​ធ្នូ ពួកគេ​អាច​ទទួលបាន​អ្នកជិះ​ពី​៧០​ទៅ​៨០​ជើង​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សុមា​រី ដូច្នេះ​ថា​៖« ពី​ដើម​យើង​គ្មាន​ម៉ាស៊ីន​បើក​ទេ ម្ចាស់​ឡូរី​យក​ឈើ​ទៅ​ដោល​ឱ្យ​វា​ទៅមុខ ក្រោយមក​យើង​ច្នៃ​ឱ្យមាន​ម៉ាស៊ីន​។ ឥឡូវ​សម្បូរ​ភ្ញៀវ​បរទេស​ជិះ​ជាង​ខ្មែរ​។ ភ្ញៀវ​ខ្មែរ​តម្លៃ​១០,០០០​រៀល ហើយ​ភ្ញៀវ​បរទេស ៥​ដុល្លារ​ក្នុង​ម្នាក់​»​។​

ជា​ស្ត្រី​អ្នកបើក​ឡូរី​ដែលមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ អ្នកស្រី ងើយ សុ​ភិន បាន​អះអាងថា​ខ្លួន​ប្រក​បរបរ​នេះ​តាំងពី​នាង​នៅ​តូច​ម្ល៉េះ​។ ស្ថិតក្នុង​វ័យ​៣០​ឆ្នាំនេះ អ្នកស្រី​មិនមាន​ប្ដី​នៅក្បែរ​ឡើយ ព្រោះ​គាត់​បាន​ចំណាកស្រុក​ទៅធ្វើ​សំណង់​នៅ​ស្រុក​ឆ្ងាយ​។ ស្ត្រី​សម្បុរ​ខ្មៅ​រូបនេះ ត្រូវ​មើលថែ​កូន​៣​នាក់​រួមទាំង​ក្នុង​ផ្ទៃ​ផង និង​ត្រូវ​បើក​ឡូរី ដើម្បី​រក​ចំណូល​ចិញ្ចឹម​កូន​។​​

ចាស់​បុរាណ​រួមទាំង​ពេទ្យ​ក្ដី​តែងតែ​ណែនាំ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​រក្សា​សុខភាព​ឱ្យបាន​ល្អ និង​មិនត្រូវ​ធ្វើការ​ធ្ងន់ ឬ​ឈោង​ចាប់​អ្វីដែល​នៅ​ឆ្ងាយ​ពី​ខ្លួន​ឡើយ តែ​អ្នកស្រី សុ​ភិន ដែលមាន​គ័ភ៌​អាយុ​៨​ខែ​ទៅហើយនោះ នៅតែ​បន្ត​បើក​ឡូរី​។ អ្នកស្រី សុ​ភិន ត្រូវ​លើក​ឡូរី​របស់ខ្លួន​និង​របស់​អ្នក​ម្ខាង​ទៀត​ចុះឡើង ពេលដែល​ជួប​ប្រសព្វ​គ្នា ថ្ងៃ​ខ្លះ​អ្នកដំណើរ​ក៏​ជួយ​យកអាសា​អ្នកស្រី​ដែរ ព្រោះតែ​គេ​ឃើញ​អ្នកស្រី​មាន​ផ្ទៃពោះ​។​

ដោយសារតែ​បញ្ហា​តម្រូវការ​ជីវភាព​ប្រចាំថ្ងៃ ទើប​តម្រូវ​ឲ្យ​ស្ត្រី​វ័យ​៣០​ឆ្នាំ​រូបនេះ បង្ខំចិត្ត​បើក​ឡូរី​ទាំង​ខ្លួន​មាន​ផ្ទៃពោះ​។ ស្ថិតនៅក្នុង​ស្ថានភាព​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​(​ជិត​ដល់​ថ្ងៃ​សម្រាលកូន​)​នេះ អ្នកស្រី សុ​ភិន បាន​និយាយថា អ្នកស្រី អាច​ដឹក​ភ្ញៀវ​បានតែ​មួយ​ជើង​តែប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ នៅ​ខែ​ខ្សត់​ភ្ញៀវ ដោយ​ទទួលបាន​ប្រាក់​១០,០០០​រៀល និង​ដកប្រាក់​ចាក់​សាំង​អស់​២,០០០​រៀល​។ សរុបទៅ​ក្នុង​មួយថ្ងៃ​អ្នកស្រី​រកចំណូលបាន​តែ​៨,០០០​រៀល ពី​ការបើក​ឡូរី​។ ប្រាក់​នេះ​វា​មិនអាច​ដោះស្រាយ​ជីវភាព​គ្រួសារ​បានឡើយ តែ​អ្វី​ដែលជា​ក្ដីសង្ឃឹម​របស់​ស្ត្រី​រូបនេះ គឺ​ក្រោយពី​ភ្ញៀវ​ចុះ​ពី​ឡូរី គេ​អាចឱ្យ​ប្រាក់​បន្ថែម​ឬ​ហៅថា​(​ប្រាក់​ទឹកតែ ឬ​លុយ​ធីប​)​។ អ្នកស្រី​ ថា ​ប្រាក់​ទឹកតែ​នេះ មិនមែន​ចេះតែ​បាន​គ្រប់​ភ្ញៀវ​នោះដែរ​។ ក្រៅពី​បើក​ឡូរី​ស្ត្រី​កូន​បី​រូបនេះ ឆ្លៀត​លក់​ភេសជ្ជៈ​ខ្លះទៀត ដើម្បី​រក​ចំណូល​បន្ថែម​។

​​ព្រោះតែ​ជីវភាព​ខ្វះខាត​អ្នកស្រី សុ​ភិន តែងតែ​នៅ​បើក​ឡូរី រហូតដល់​ថ្ងៃ​សម្រាលកូន​តែម្ដង​។ ស្ត្រីបើក​ឡូរី​រូបនេះ តែង​ស្រមៃ​ចង់ឱ្យ​ភ្ញៀវ​មក​ជិះ​ឡូរី​នៅ​តំបន់​របស់ខ្លួន​ឱ្យ​កាន់តែច្រើន ដើម្បី​អាច​រកចំណូលបាន​ច្រើន​ដែរ​។ «​កូន​មុនៗ​ក៏​ខ្ញុំ​ធ្លាប់ធ្វើ​បែបនេះ​ដែរ ដល់​ថ្ងៃ​សម្រាលកូន​បាន​ឈប់​។ បើ​មិន​ធ្វើ​បែប​ហ្នឹង​មានតែ​អត់បាយ​។ ចង់ឱ្យ​តែមាន​អ្នក​មក​ជិះ​ច្រើនៗ ទើប​អាច​បាន​លុយ​ច្រើន​ដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកស្រី ងើយ​ សុ​ភិន​។​

ទើបតែ​មកពី​ដឹក​ភ្ញៀវ​វិញ លោក ង៉ុ​ល ង​ន កំពុង​អង្គុយ​សម្រាក​លើ​គ្រែ​ក្រោម​រោង​ប្រក់​ស័ង្កសី ក្បែរផ្លូវ​រថភ្លើង ដែល​នៅ​ទល់មុខ​រោង​ប្រក់​ក្បឿង​ធំ​មួយ​។ ដៃស្ដាំ​កាន់​ប៊ិក ដៃ​ឆ្វេង​កាន់​បំណែក​ក្រដាស​ឡាំង ដែល​ចេះតែ​គូសវាស​គ្មាន​គោលដៅ ក្នុង​ទឹកមុខ​ស្រពោន​លោក ង​ន ថា ​របរ​នេះ​មិនសូវ​ជា​ហត់​ប៉ុន្មាន​ឡើយ គ្រាន់តែ​ហត់​លើក​ឡូរី​ចុះឡើង​ពេល​ជួបគ្នា​តែប៉ុណ្ណោះ​។ ស្ថិតក្នុង​វ័យ​៥៦​ឆ្នាំនេះ​លោក ង​ន ប្រកប​របរ​បើក​ឡូរី ២០​ឆ្នាំ មកហើយ​នោះ ពិតជា​ពេញចិត្ត​របរ​ដែល​ខ្លួន​កំពុង​ធ្វើ​សព្វថ្ងៃ ដែល​លោក​ថា​ វា​ជួយ​ឱ្យ​អ្នកភូមិ​អូរ​ដំបង​អាចរ​ស់បាន ប្រសើរ​ជាង​ធ្វើការ​សំណង់​ឬ​ធ្វើការ​ឱ្យគេ​ផ្សេងទៀត​។

​រហូតមកដល់​ពេលនេះ អ្នកបើក​ឡូរី​រូបនេះ​នៅតែ​មានការ​ព្រួយ​បារ​ម្មណ៍ ព្រោះ​ខ្លាច​មានការ​ហាមប្រាម​មិនឱ្យ​សហគមន៍​ឡូរី​អូ​ដំបង បន្ត​របរ​របស់ខ្លួន​ដូច​ពីមុន​ទៀត​ក្រោម​ហេតុផល​ថា​ខ្លាច​មាន​បញ្ហា​ដល់​ភ្ញៀវ​ពេល​រថភ្លើង​ឆ្លងកាត់​។ លោក ង​ន អះអាងថា​សហគមន៍​ឡូរី​នឹង​ទទួលខុសត្រូវ​គ្រប់យ៉ាង បើសិនជា​ភ្ញៀវ​មាន​បញ្ហា​អ្វី​ពី​ការ​ជិះ​ឡូរី​របស់ខ្លួន​។ ក្រុម​ទទួលផល​ពីរ​បរ​បើក​ឡូរី​នៅទីនេះ​នៅតែ​ចង់ឱ្យ ឡូរី​របស់ខ្លួន​ដំណើរការ​រហូត​ត​កូនចៅ​។ លោក ង​ន បញ្ជាក់​៖«​ការងារ​នេះ​វា​មិន​ហត់​ដូច​យើង​ទៅធ្វើ​ការ​សំណង់ ឬ​ការងារ​ផ្សេង​ទេ វា​ហត់​តែ​បន្តិច​ពេល​ឡូរី​ជួបគ្នា​។ របរ​នេះ​បានតែ​មួយ​រស់ មិន​ធ្វើឱ្យមាន​បានទេ តែ​យើង​ក៏​អាច​រស់​ស្រួល និង​បាន​នៅផ្ទះ​មើលថែ​គ្រួសារ​ផង​។ ខ្ញុំ​ចង់ឱ្យ​ឡូរី​នៅ​អូរ​ដំបង​នេះ​បន្ត​ដល់​កូនចៅ​រហូត​ទៅ​»៕

ប្រភព៖ ទំព័រហ្វេសប៊ុក Battambang City

ads banner