ប្រជាពលរដ្ឋចំនួន៥៥០គ្រួសារ ដែលទទួលរង ផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខណ្ឌកំបូលបានទទួលអំណោយពីឯកឧត្តម ចាប ភក្តី

អត្ថបទដោយ៖
AMS

គ្រោះធម្មជាតិ គ្មានប្រទេសណា  ឬនណារ អាចទប់ស្កាត់ បានឡើយ  ។ ក៏ប៉ុន្តែ អ្វីដែលយើងអាចធ្វើបាន នៅពេលនេះ គឺការជួយសង្គ្រោះប្រជាពលរដ្ឋ មិនអោយលិចលង់ ដោយប្រើប្រាស់នៅមធ្យោបាយនិង  កម្លាំងសរុប គ្រប់លំដាប់ថ្នាក់ រួមនិងកម្លាំងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្ម។ លើសពីនោះបានចែកជូនជាអំណោយ សម្ភារប្រើប្រាស់ ស្បៀងអាហារ  ជូនជនរងគ្រោះដោយមិនអោយនណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ រួមទាំងថ្នាំ សង្កូវ សំរាប់ព្យាបាល។ នេះជាប្រសាសន៏លើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៏ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ក្នុងឱកាស ចុះសួរសុខទុក និងចែកអំណោយ ជូនគ្រួសារប្រជាពលរដ្ឋ ៥៥០គ្រួសារ មកពីសង្កាត់ចំនួន៣ រួមមានសង្កាត់កំបូល សង្កាត់ស្នោរ និងសង្កាត់ឪឡោក ទទួលរងផលប៉ះពាល់ដោយទឹកជំនន ដែលពិធីនេះធ្វើឡើងនៅ សាលាបឋមសិក្សាកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០នេះ។

លោក ឃឹម ស៊ុន សូដា អភិបាល នៃគណៈអភិបាលខ័ណ្ឌកំបូល មានប្រសាសន៏ថា ភូមិសាស្ត្រខ័ណ្ឌកំបូល ជាតំបន់ទំនាបទទួលរងទឹកភ្លៀងនៅរដូវវស្សាហូរធ្លាក់ពីស្រុកអង្គស្នួល ខេត្តកណ្តាលតាមអមសងខាងផ្លវជាតិលេខ៤ផង និងតាមស្ទឹងព្រែកត្នោត ដែលចែកព្រំប្រទល់ ស្រុកអង្គស្នួលនិងខ័ណ្ឌកំបូល នៅសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង  ធ្វើឲ្យភូមិសាស្ត្រខ័ណ្ឌកំបូលតែងទទួលរងនូវការជន់លិចដោយទឹកភ្លៀង។ ដោយទឹកភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាកន្លងទៅនេះ បានធ្វើឲ្យតំបន់ទំនាបមួយចំនួននៃខ័ណ្ឌកំបូលមានការជន់លិច ដែលបង្ករឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្ទៃដីកសិកម្ម ផ្ទះសម្បែង និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន៥៥០គ្រួសារ មកពីសង្កាត់ចំនួន៣ ក្នុងខ័ណ្ឌកំបូល។

ឯកឧត្តម ចាប ភក្តី បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខ័ណ្ឌកំបូលនេះ។

ឯកឧត្តម ចាប ភក្តី បានបញ្ជាក់ថា ក្នុងអំឡុងពេលដែលប្រទេសយើងជួបប្រទះនូវគ្រោះទឹកជំនន់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេច នាយករដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរទាំងគ្រប់លំដាប់ថ្នាក់ ឱ្យចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅទូទាំងប្រទេស និងខិតខំជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ឯកឧត្តម ចាប ភក្តី បានអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រកាន់ខ្ជាប់នូវអនាម័យ ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ។ ទន្ទឹងនេះ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋត្រូវចូលរួមបង្ការ ទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ និងខិតខំអនុវត្តតាមការណែនាំរបស់ក្រសួង  សុខាភិបាល ។ អំណោយដែលយកមកចែក ជូនដល់ប្រជាពលរដ្ឋចំនួន៥៥០គ្រួសារ រួមមាន អង្ករ មី ទឹកសុទ្ធ ទឹកក្រូច ភួយ និងថវិកា ២ម៉ឺនរៀល។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម ចាប ភក្តី បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុន និងសប្បុរសជន ដែលចូលរួមចំណែកក្នុងការចុះចែកអំណោយដល់ប្រជាពលរដ្ឋក្នុងខ័ណ្ឌកំបូល៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner