មេធាវីមួយរូបស្លាប់នៅគ្លីនិកលីស្រីវីណា
មេធាវីមួយរូបដែលមានអាការៈចុកពោះនិងបានដឹកទៅព្យាបាលនៅគ្លីនិកពេទ្យឯកជនមួយកន្លែងឈ្មោះ លីស្រី វីណា បានបាត់បង់ជីវិត។ ហេតុការណ៍បាត់បង់ជីវិតរបស់មេធាវីឈ្មោះ ទេពពៅ នៃក្រុមមេធាវីឯករាជ្យ នៅថ្ងៃទី ២៩តុលាឆ្នាំ២០២០ បានបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយការបញ្ជាក់ថាមេធាវីទេពពៅ ដែលមានអាការៈចុកពោះ នោះ បានស្លាប់ដោយសារការគាំងបេះដូងក្នុងពេលព្យាបាលនៅគ្លីនិកពេទ្យឯកជនលីស្រីវីណា ដែលជាគ្លីនិក មួយស្ថិតនៅក្នុងសង្កាត់ទួលទំពួង ២នៃខណ្ឌចំការមន។ គ្លីនិកលីស្រីវីណា នៅមិនទាន់បានចេញការបញ្ជាក់ណា មួយពន្យល់ជុំវិញមូលហេតុទាក់ទងនឹងមូលហេតុដែលបណ្តាលឲ្យមេធាវីអាយុ៤៧ឆ្នាំនោះបាត់បង់ជីវិតឡើយ។ របាយការណ៍កាសែតក្នុងស្រុកបានបញ្ជាក់បន្ថែមថា មេធាវីរួបនោះ ត្រូវបានគេព្យូរសេរ៉ូម នៅមុនការបាត់បង់ ជីវិត។ ប្រធានគណៈមេធាវីលោកលី ច័ន្ទតុលា បានសរសេរលើបណ្តាញសង្គម ចាត់ទុកការបាត់បង់ជីវិតមេធាវី ទេពពៅ គឺជាការបាត់បង់នូវធនធានមនុស្សមួយរូបដែលមានវិជ្ជាជីវៈជាមេធាវី។