ដំណើរកំសាន្តទៅភ្នំក្ងោកមាស
មានរឿងដំណាលថា មានព្រះពុទ្ធរូបតូចៗចំនួន៦០អង្គ ធ្វើពីស្ពាន់-សំរឹទ្ធត្រូវបានចោរលួច និងប្លន់បានយកទៅលាក់ទុកក្នុងពាងក្នុងល្អាងភ្នំក្ងោកមាស។ នៅឆ្នាំ២០១៧ យុវជន៣រូបរស់នៅក្បែរភ្នំនោះ អាយុប្រមាណ១៧ឆ្នាំ បានចូលទៅក្នុងល្អាងដើម្បីបាញ់សត្វប្រចៀវ ហើយបានប្រទះឃើញពាងដាក់ព្រះពុទ្ធរូបខាងលើ។ ដោយសារបារមី និងពន្លឺចែងចាំងចេញពីព្រះពុទ្ធរូបទាំងនោះ ធ្វើឱ្យអ្នកភូមិផ្អើលមកមើល ហើយក៏បានដឹងដល់អាជ្ញាធរ។
ព្រះពុទ្ធរូបទាំងនោះត្រូវបានគេដឹកយកទៅតម្កល់រក្សាទុកនៅសារមន្ទីរជាតិ នៅរាជធានីភ្នំពេញ(?)។ អ្នកភូមិក៏បានប្រាប់ផងដែរថា នៅក្នុងល្អាងភ្នំក្ងោកមាសនេះ មានធ្នូដែកបុរាណដែលគេប្រើសម្រាប់បាញ់សត្វក្ងោក តែបច្ចុប្បន្នមិនដឹងស្ថិតនៅទីណា។ភ្នំនេះមានតម្លៃវប្បធម៌(ព្រហ្មញ និងពុទ្ធសាសនាដែលពលរដ្ឋកម្ពុជានៅគោរព) តម្លៃប្រវត្តិសាស្ត្រ(ភ្នំថ្មស/កំបោរ អាយុកាលពាន់ឆ្នាំ) តម្លៃសោភណ្ឌភាពធម្មជាតិ(ទេសភាពព្រៃភ្នំ) ជាទីជម្រកសត្វ-រុក្ខជាតិច្រើនប្រភេទ និងមានតម្លៃច្រើនទៀតដែលយើងមិនទាន់ដឹង ដូចសំដីមាសលោករដ្ឋមន្ត្រីបរិស្ថានសាយ សំអាល់៖«អ្វីដែលយើងបានដឹងគឺ តិចជាងអ្វីដែលមិនទាន់ដឹង»។ ភ្នំក្ងោកមាសស្ថិតនៅត្រង់ចំណុចដែលមានរយៈទទឹង(១៣° ៤៥’ ៣៤.៧៩៧៩៦០០០”) និងរយៈបណ្តោយ(១០៥° ៤៤’ ៥៥.២៦៩៥៩៩៩៩”) ក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ប្រមាណ៤៤ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។ តាមផ្លូវជាតិលេខ ៩ ពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តព្រះវិហារ ភ្នំនេះស្ថិតនៅខាងស្តាំដៃ។ ត
្រង់បង្គោលថ្មលេខ៥០៣ មានផ្លូវក្រាលគ្រួសក្រហម បត់ចូលរួចបន្តដំណើររហូតទៅដល់ភ្នំក្ងោកមាស មុនទៅដល់ភ្នំឈ្ងោក។ ភ្នំក្ងោកមាសនេះ មិនទាន់មានការរៀបចំបានល្អសម្រាប់ទទួលភ្ញៀវនៅឡើយទេ។ពលរដ្ឋកម្ពុជាគ្រប់រូបចង់ឃើញព្រះពុទ្ធរូបទាំងនោះនៅគង់វង្សនៅសារមន្ទីរជាតិ និងចង់ឃើញសុខសន្តិភាព និងការរីកចម្រើនរៀងរហូតនៅប្រទេសកម្ពុជាដែនដីសុវណ្ណភូមិ៕
ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ