គ្រួសាររងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអង្គរជុំ បានទទួលអំណោយពីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និង អង្គការ ចក្ខុវិស័យកម្ពុជា
បងប្អូនគ្រួសារកុមាររងគ្រោះដោយជំនន់ទឹកភ្លៀង នៅសិប្បកម្មផលិតឥដ្ឋ និងចំការដំណាំកសិកម្ម ចំនួន៣០០គ្រួសារ មកពី៤ឃុំក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប បានទទួលអំណោយពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ចក្ខុវិស័យកម្ពុជា ជាគ្រឿងឧបភោគ បរិភោគ សារុង ក្រម៉ា និងថ្នាំពេទ្យ កាលពីព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ នៅពីរកន្លែងផ្សេងគ្នា នៅក្នុងបរិវេណវត្តក្រឡាញ់ ចំនួន ២១៧គ្រួសារ និងនៅបរិវេណវត្ត ចារឈូកចំនួន៨៣គ្រួសារ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វេង ហៀង អគ្គលេខាធិ ការនៃអគ្គលេខាធិការដ្ឋាន គ.ជ.ព និងជាប្រធាននាយកដ្ឋានការងារកុមារនៃក្រសួងមហាផ្ទៃ និង លោក លុក ផុស គណៈអភិបាលស្រុកអង្គរជុំ និង លោក ស៊ត់ ចន្ថា នាយកប្រតិបត្តិ អង្គការ ចក្ខុវិស័យកម្ពុជា ។
ក្នុងកិច្ចស្វាគមន៍របស់លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានបញ្ជាក់អំពីស្ថានភាពនៃផលប៉ះពាលនៃជំនន់ ទឹកភ្លៀង កាលពីថ្ងៃទី១៩ ខែតុលាកន្លងមកនេះ បណ្តាលធ្វើឲ្យប៉ះពាល់ដល់ឃុំចំនួន៤ ដែលមានស្ថានភាពធ្ងនធ្ងរ មានឃុំចារឈូក ប៉ះពាល់៤៣គ្រួសារ ឃុំតាសោម ៧០គ្រួសារ , ឃុំស្រែខ្វាវ ៤០គ្រួសារ និងឃុំគោកដូង១៤៧គ្រួសារ ព្រមទាំងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលាស្រុក មន្ទីរពេទ្យ និង សាលារៀនទៀតផង ។
លោក ស៊ត់ ចន្ថា នាយកប្រតិបត្តិ អង្គការ ចក្ខុវិស័យកម្ពុជា ក៏បានលើកផងដែរអំពីជីវប្រវត្តិដែលធ្លាប់ជួបការលំបាកល្វីញជូចត់នាពេលកន្លងមក ហើយពេលនេះជាការឆ្លើយតបសងគុណដល់បងប្អូនវិញក្នុងពេលដែលជួបការលំបាក ខ្វះខាតនូវស្បៀងអាហារក្នុងពេលទឹកជំនន់នេះ ។ ម៉្យាងទៀតក្នុងសកម្មភាពទាំងនេះ ក៏ជាសិល្បះប្រពៃណី វប្បធម៌ចែករំលែក ក្នុងពេលដែលប្រជាពលរដ្ឋយើងជួបនូវទុក្ខលំបាក ដោយគ្រោះធម្មជាតិ ។
ឯកឧត្តម វេង ហៀង បានលើកឡើងផងដែរ នូវចំណុចមួយចំនួនដែលមានការពាក់ពន្ធ័ វិស័យសិប្បកម្មផលិតឥដ្ឋ និង ចំការដំណាំកសិកម្ម ។ ម៉្យាងទៀតបងប្អូនដែលមានកូនក្មួយបានរៀនចប់ថ្នាក់ទី៩ តែពុំមានលទ្ធភាពក្នុងការសិក្សារៀនសូត្របន្ត សូមទៅធ្វើការទំនាក់ទំនងជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប ដើមី្បធ្វើការដាក់ពាក្យចូលសិក្សានូវមុខជំនាញ បច្ចេកទេសផ្សេងៗ និងយកចំណេះដឹងទាំងនោះទៅប្រកបមុខរបរ ចិញ្ចឹមក្រុមគ្រួសារខ្លួន ក្នុងការកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុករបស់បងប្អូន ដែលជាធនធានមនុស្សពិត នៅក្នុងមូលដ្ឋាន ។ ឯកឧត្តមក៏បានលើកផងដែរ ពីគុណសន្តិភាព ដែលបានផ្តល់នូវអត្ថប្រយោជន៍ខ្ពស់ដល់ប្រជាពលរដ្ឋកម្ពុជាយើង បានធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ចាប់ពីទីប្រជុំជនរហូតដល់ជនបទលើគ្រប់វិស័យ ក្រោមដំបូលសុខសន្តិភាព ។
អំណោយដែលបងប្អូនទទូលបាន មានអង្ករ ទឹកត្រី , ទឹកស៊ីអ៊ីវ , មី , អំបិល ,ប៊ីចេញ និង សារុង ,ក្រម៉ា រួមទាំង ថ្នាំពេទ្យផងដែរ ៕