ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដឹកនំាក្រុមការងារពាក់ព័ន ចុះទស្សនៈកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ អមដំណើរដោយឯកឧត្តម អ៊ិត ប្រាង្គ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, ឯកឧត្តម រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចុះទស្សកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ ដែលស្ថិតនៅក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន យូប៊ីអ៊ី ឌីវេលឡប់មេន។
លោក ចាង លូជឺ អគ្គនាយកក្រុមហ៊ុន ហ្សុងឈី ហូលឌីង គ្រុប បានឲ្យដឹងថា ក្រុមហ៊ុនយូប៊ីអ៊ី ឌីវេលឡប់មេន គឺជាឧទ្យានឧស្សាហកម្មដ៏ធំទូលំទូលាយថ្នាក់ជាតិ ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុន ហ្សុងឈី ហូលឌីង គ្រុប ដែលមានផ្ទៃដីគម្រោងទំហំប្រមាណ៩គីឡូម៉ែត្រក្រឡា ក្នុងទុនវិនិយោគ៦០០លានដុល្លា អាមេរិក ដើម្បីក្លាយជាចង្កោមនៃការច្នៃផលិតផលកសិកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងឧស្សាហកម្ម។ ក្រុមហ៊ុន នឹងធ្វើការសាងសង់រោងចក្រថាមពលអគ្គីសនី កន្លែងស្តុកទឹក រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ ជាដើម ដោយអាចទទួលសហគ្រាសជាង១០០កន្លែង និងផ្តល់ការងារប្រមាណ៦ម៉ឺននាក់។ គម្រោងនេះ ក៏ត្រូវបាន បញ្ជូលក្នុងគម្រោងនៃកិច្ចសហប្រតិបត្តិការ “ផ្លូវ១ខ្សែក្រវាត់១” នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៏ និងកែទម្រង់ប្រទេសចិន ហើយនៅឆ្នាំ២០១៨ ត្រូវបានចុះបញ្ជីជាគម្រោងអទិភាពសម្រាប់ការផ្សព្វផ្សាយក្រៅប្រទេសនៃ “ផ្លូវ១ខ្សែក្រវាត់១” នៃខេត្តសានទុង។ លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនដែលចុះបញ្ជីរក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ រួមមានៈ ១. ក្រុមហ៊ុន លីមរ៉ូយ៉ាល់ជ័ញស្តុក (LIM ROYAL JOINT STOCK CO., LTD) បើករោងចក្រកែច្នៃគ្រឿងសង្ហារឹម,២. ក្រុមហ៊ុន ZHONG QI LI HUI CABLE CO., LTD ផលិតខ្សែភ្លើង និងខែ្សកាប, ទី៣. ក្រុមហ៊ុនឧស្សាហកម្មកៅស៊ូ Car Far Rubber Industrial Co., Ltd វិនិយោគលើផ្ទៃដី៤០ ហិចតា មានសមត្ថភាពផលិតជ័រកៅស៊ូស្តង់ដាប្រចាំឆ្នាំប្រមាណ៥ម៉ឺនតោន និងមានទិសដៅបង្កើតរោងចក្រផលិតកង់រថយន្តទៀតផង, ទី៤. ក្រុមហ៊ុន ហ្គ្រីនលីតឌ័រ ខេមបូឌា (Green Leader (Cambodia) Co., Ltd ដែលមានសមត្ថភាពផលិតម្ស៉ៅដំឡូងមី ១០ម៉ឺនតោនក្នុង១ឆ្នាំ, ទី៥. ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិចិន កម្ពុជា, ទី៦. ក្រុមហ៊ុន ស៊ូសាងខេមបូឌា អ៊ីនដាស់ស្ទ្រី (SHUSHANG CAMBODIA INDUSTRY CO., LTD) វិនិយោគលើផ្ទៃដី៣១០ហិចតា លើរោងឧស្សាហកម្មវាយនភណ្ឌ, ការបោះពុម្ព និងឧបករណ៏ផ្នែករឹង។ ជាមួយនោះ ក៏មានក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជាច្រើនទៅលើការកែច្នៃសម្ភារៈសំណង់, ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ម៉ូតូ និងផលិតរថយន្តគ្រប់ប្រភេទ និងក្រុមហ៊ុនកែច្នៃថ្មម៉ាប។ល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៏ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សូមបានគាំទ្រចំពោះក្រុមហ៊ុនហ្សុងឈី ហូលឌីង គ្រុប ដែលបានវិនិយោគនូវតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តក្រចេះនេះ ពិសេសការផលិតជ័រកៅស៊ូ និងឈានទៅបង្កើតរោងចក្រផលិតកង់រថយន្ត ព្រោះតំបន់នេះមានដំណាំកៅស៊ូច្រើនដែលអាចផ្តត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រ។ ម្យ៉ាងទៀត ការផលិតខ្សែភ្លើង និងខ្សែកាប ពិតជាជួយបំពេញសេចក្តីត្រូវការរបស់កម្ពុជា និងតំលៃកាន់តែទាប ព្រោះកម្ពុជាបច្ចុប្បន្ន ជាប្រទេសកំពុងអភិវឌ្ឍន៏ដែលត្រូវការខែ្សភ្លើងឬខ្សែកាបច្រើនក្នុងការងារឧស្សាហកម្ម និងការប្រើប្រាស់ទូទៅប្រចាំថ្ងៃ។ ឯកឧត្តម ក៏បានស្នើឲ្យក្រុមហ៊ុនហ្សុងឈី ហូលឌីង គ្រុប ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាឲ្យកាន់តែធំជាងនេះទៀត បើទោះបីជាបច្ចុប្បន្ន ក្រុមហ៊ុននេះ បានបោះទុនវិនិយោគនៅខេត្តមណ្ឌលគីរី លើវិស័យកសិកម្ម ខេត្តព្រះសីហនុ លើផ្នែកសណ្ឋាគារ វិឡា និងអចលនទ្រព្យ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះនេះ និងសូមជួយទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុនវិនិយោគដាំដំណាំណាដែលទីផ្សារនៅប្រទេសចិនត្រូវការ ដើម្បីងាយស្រួលនាំចេញទៅប្រទេសចិន ព្រោះកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួចហើយ សម្រាប់ជម្រុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សូមសហការ និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់ក្រុមហ៊ុន ក្នុងដំណើរការវិនិយោគនៅក្នុងស្រុកស្នួល ខេត្តក្រចេះនេះ និងសូមឲ្យក្រុមហ៊ុនសហការឲ្យបានជិតស្និទ្ធជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ឋនានាលើបទដ្ឋានគតិយុត្តិនានាដើម្បីឲ្យស្របនឹងច្បាប់នៃប្រទេសកម្ពុជា៕