ខេត្តសៀមរាប ទទួលភ្ញៀវទេសចរក្នុងសំរាកបុណ្យអុំទូក ១ថ្ងៃជិត៤ម៉ឺននាក់

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃទី៣០ខែតុលា ថ្ងៃសម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ខេត្តសៀមរាបទទួលភ្ញៀវទេសចរបានជាង៣ម៉ឺន៨ពាន់នាក់ ក្នុងនេះភ្ញឿវបរទេសមានចំនួនជាង៦០០នាក់។ ក្នុងចំនួននេះដែរ ភ្ញៀវកំសាន្តក្នុងតំបន់រមណីយដ្ឋានប្រវត្តិអង្គរចំនួន១ម៉ឺន៨ពាន់ និងនៅតាមបណ្តារមណីយដ្ឋាននានា និងសហគមន៍ទេសចរណ៍ផ្សេងៗ ២ម៉ឺននាក់។
លោក សូត្រ សួរ ប្រធានសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ដែលមានទីតាំងនៅក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលើកឡើងដែរថា៖ សម្រាប់ថ្ងៃឈប់សំរាកនេះ វត្តមានភ្ញៀវមកកាន់សហគមន៍បាគងភូមិខ្ញុំ ក្នុង១ថ្ងៃមិនតិចជាង៥០០នាក់នោះឡើយ ដែលថ្ងៃធម្មតាមានប្រមាណជា៣០០នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមភ្ញៀវទាំងអស់នេះ ៧០%ជាភ្ញៀវក្នុងខេត្ត និង៣០% គឺជាភ្ញៀវមកពីបណ្តាខេត្តផ្សេង ពិសេសនោះ គឺមកពីរាជធានីភ្នំពេញ។
ការរៀបចំឱ្យមានរមណីយដ្ឋានកម្សាន្តថ្មីៗ បង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ស្របតាមនិន្នាការ នៃការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមានគុណភាពទាំងសេវាកម្ម និងភាពទាក់ទាញ គឺជាផែនទីបង្ហាញផ្លូវដែលដាក់ចេញដោយក្រសួងទេសចរណ៍ និងគាំទ្រដោយអាជ្ញាធរខេត្ត ចូលរួមលើកទឹកចិត្តពីសំណាក់អាជ្ញាធរជាតិអប្សរាផងដែរ ។
ក៏ជាការពិត ដោយសារតែវិបត្តិកូវីដ-១៩ ក្រៅពីប្រាសាទ បានធ្វើឱ្យមានការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរ ឱ្យងាកមករកការកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូ-ទេសចរណ៍ និងតំបន់ធម្មជាតិនានា ដែលនាំឱ្យវិស័យទេសចរណ៍ជនបទ បានចូលរួមចំណែកទប់ស្កាត់ការធ្វើចំណាកស្រុក តាមរយៈនៃការបង្កើតការងារ មុខរបរដាំដុះ ចិញ្ចឹមសត្វ អភិរក្សនិងលើកកម្ពស់វប្បធម៌ ទំនៀមទំលាប់ប្រពៃណី ការពារ និងថែរក្សាធនធានធម្មជាតិ ព្រមទាំងនាំមកនូវនវានុវត្តន៍ និងគំនិតឆ្នៃប្រឌិត ផងដែរ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner