បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំឆ្នុកទ្រូ ពេញចិត្តផ្លាស់ប្តូរផ្ទះលើទឹកមករស់នៅលើគោក
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានស្មគ្រចិត្តផ្លាស់ទីលំនៅពីក្នុងទឹកទន្លេ មករស់នៅលើគោកវិញបានសំដែងនូវសេចក្តីត្រេកអរចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល។ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ប្រជាពលរដ្ឋបានសំដែងអារម្មណ័ពេញចិត្តនៅពេលខ្លួនមករស់នៅលើគោកក្នុងភូមិសាស្រ្តនៃឃុំឆ្នុកទ្រូ ដោយទទួលបានគាំទ្រពីអាជ្ញាធេខេត្តកំពង់ឆ្នាំង និងការធ្វើដំណើទៅមកបានងាយស្រួលជាងមុន ចំណាយប្រាក់តិច និងមិនព្រួយបារម្ភចំពោះគ្រោះមហន្តរាយធម្មជាតិនានា។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានអោយដឹងថា៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំឆ្នុកទ្រូបានធ្វើការបន្លាស់ទីផ្ទះបណ្តែតទឹក ឡើងមករស់នៅលើគោក តាមផែនការរបស់អាជ្ញាធរខេត្តចាប់តាំងពី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ មកដល់ថ្ងៃនេះ គឺថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ គឺបានរយៈពេល២ឆ្នាំហើយ។ លោកមេឃុំក៏បានបញ្ជាក់អោយដឹងទៀតថាមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋ បានទម្លាប់ខ្លួនរស់នៅលើគោកបានហើយដោយមិនបារម្មណ៍ដូចកាលរស់នៅលើផ្ទះបណ្ដែតទឹកទៀតឡើយ។
គួរបញ្ជាក់ថាឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង មានភូមិចំនួន៣ គឺភូមិឆ្នុកទ្រូ ភូមិសេះស្លាប់ និងភូមិយុគន្ឋ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន២១៦៩គ្រួសារ ស្មើនិងជិត១ម៉ឺននាក់។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភាគច្រើនប្រកបមុខរបរធ្វើស្រែចំការ និងនេសាទត្រី៕ សុខ គឹមសៀន