លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ៧២គ្រួសារ នៅស្រុកកំពង់រោទិ៍

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុកកំពង់រោទិ៍ សរុបចំនួន៧២គ្រួសារ ដែលជាចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ស្រ្តីមេម៉ាយកូនច្រើន នាព្រឹកថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។

ការចុះសំណេះសំណាលនេះ លោកជំទាវបានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។ លោកជំទាវក៏បាន កោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានចូលរួមយ៉ាងសកម្មក្នុង ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេស ការធ្វើចត្តឡីស័កឲ្យបានហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។

លោកជំទាវក៏បានរំលឹកប្រជាពលរដ្ឋថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជារយៈពេលគម្រប់៤៣ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃទិវានៃការចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូសសាសន៍ ប៉ុល ពត ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

លោកជំទាវក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេស កម្ពុជានៅមានអ្នកផ្ទុកមេរោគកូវីដ១៩ តែ៣នាក់ទេដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះបានជាសះស្បើយ១២៦នាក់។ ហេតុនេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោក គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅ ឡើយទេ ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិត ភ្លាមៗផងដែរ (យើងភ្លេចកូវីដ១៩ ប៉ុន្តែ កូវីដ១៩មិនភ្លេចយើងនោះទេ) ។  លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព  និងចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ។

អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋទាំង៥៧គ្រួសារ រួមមាន ៖ អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ២ដុំ ក្រម៉ា ១ អាវយឺត ២  ម៉ាស់ ១  និងថវិកាធ្វើដំណើរចំនួន៤ម៉ឺនរៀលផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner