រដ្ឋមន្រ្តីការបរទេសហុងគ្រី នឹងមកបំពេញទស្សន​កិច្ច​ផ្លូវ​ការនៅកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាជូនដំនឹងពីដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នៅកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

អំឡុងពេលមកដល់កម្ពុជា ឯកឧត្តម ភីធើ ស៊ីចាតូ នឹងចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្រោយជំនួបសម្តែងការគួរសមនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនបី ដូចខាងក្រោម៖

១៖ កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលហុងគ្រី

២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី

៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី

ក្រសួងការបរទេសបានបញ្ជាក់ទៀតថា ឯកឧត្តម ភីធើ ស៊ីចាតូ នឹងមានជំនួបប្រជុំផ្លូវការជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម និងបន្តដោយសន្និសីទសារព័ត៌មានរួមគ្នា។

ឯកឧត្តម ភីធើ ស៊ីចាតូ នឹងមានជំនួបដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សួស យ៉ារ៉ា សមាជិកសភាកម្ពុជា។ ជាងនេះទៅទៀត ឯកឧត្តម ភីធើ ស៊ីចាតូ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការការិយាល័យនៃស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញ។

ក្រសួងបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ភីធើ ស៊ីចាតូ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងហុងគ្រី​៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner