អភិបាលខេត្តកំពង់ធំ បន្តនាំយកអំណោយសប្បុរសធម៌ ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីរបបទឹកជំនន់ជាង ១០០គ្រួសារ នៅក្នុងក្រុងស្ទឹងសែន
ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីរបបទឹកជំនន់ជាង ១០០គ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាពី អភិបាលខេត្តកំពង់ធំ លោក សុខ លូ និងអភិបាលក្រុងស្ទឹងសែន លោក ម៉ាក ប៊ុនហុង។ ការចែកអំណោយនេះ បានធ្វើឡើងនៅក្នុងបរិវេណវត្ត ក្តីសែន ស្ថិតនៅក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន កាលពីថ្ងៃទី២៩តុលាម្សិលមិញនេះ។
ប្រជាពលរដ្ឋដែលទទួលបានអំណោយនៅពេលនោះ មានចំនួន ១០១គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកបរិសុទ្ធ ១កេស មី ១កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខកំប៉ុង១យួរ ថ្នាំពេទ្យ ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល ដែលជាអំណោយសប្បុរសជន ជួយដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីនាំយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះ និងរងផលប៉ះពាល់ពីរបបទឹកជំនន់។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានមានប្រសាសន៍ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយនៅក្នុងរដូវទឹកជំនន់នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញចុះសួរសុខទុក្ខ និងជួយដោះស្រាយទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ នៅតាមបណ្តាខេត្តដែលរងការជន់លិចខ្លាំង និងខេត្តមួយចំនួនដែលរងផលប៉ះពាល់ សម្តេចបានចាត់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត បន្តចុះជួយបងប្អូនដល់លំនៅដ្ឋាន ឲ្យបានទាន់ពេលវេលា ដោយមិនទុកពលរដ្ឋណាម្នាក់ ឲ្យស្លាប់ដោយអត់អាហារ នោះឡើយ។
លោកអភិបាលខេត្ត បានផ្តែផ្តាំដល់ប្រជាពលរដ្ឋ និងអាណាព្យាបាលទាំងអស់ ត្រូវអប់រំ ណែនាំកូនចៅ កុំឲ្យប្រព្រឹត្តការសេព ប្រើប្រាស់ ចែកចាយ និងការជួញដូរគ្រឿងញៀនជាដាច់ខាត ត្រូវរស់នៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនអាចបំផ្លាញអនាគតដ៏ល្អ របស់កូនចៅយើងបានគ្រប់ពេលវេលា ដូច្នេះ ត្រូវចូលរួមទប់ស្កាត់កុំឲ្យមានគ្រឿងញៀននៅក្នុងផ្ទះ នៅក្នុងភូមិ និងនៅក្នុងសហគមន៍ឲ្យសោះ ហើយប្រសិនបើបងប្អូនមិនចូលរួមនោះទេ គឺពុំអាចទៅរួចនោះឡើយ ព្រោះត្បិតគ្រឿងញៀន គឺជាអាវុធសម្លាប់ជាតិ សម្លាប់អនាគត និងធ្វើឲ្យបាត់បងម្ចាស់ការ នៅពេលប្រើប្រាស់គ្រឿងញៀន ៕ ដោយ៖ឡុង សំបូរ