ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ បានឧបត្ថម្ភស្បៀងអាហារ ដល់គ្រួសារកងទ័ព ២០០គ្រួសារ ដែលទទួលរងគ្រោះពីទឹកជំនន់ នៅក្នុងខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានឧបត្ថម្ភជាស្បៀងអាហារ និងថ្នាំពេទ្យដល់គ្រួសារកងទ័ព ដែលបានទទួលរងគ្រោះដោយទឹកជំនន់ តាមរយះអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ជាមេបញ្ជាការ កាលពីថ្ងៃទី២៩តុលាឆ្នាំ២០២០។
គ្រួសារកងទ័ពដែលរងគ្រោះពីរបបទឹកទឹកជំនន់ទាំង ២០០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ ១យួរ ថ្នាំពេទ្យ ១កញ្ចប់ និងស៊ីមកាតមិត្តហ្វូន១ ដោយមានបញ្ជូលទឹកប្រាក់ ចំនួន ២០០ដុល្លារ រួចជាស្រេច សម្រាប់ការប្រើប្រាស់ដោយឥតគិតថ្លៃ ថែមទៀតផង។
តំណាងលោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានពាំនាំប្រសាសន៍ បណ្ឌិត ហ៊ុន ម៉ាណែត សួរសុខទុក្ខចំពោះគ្រួសារកងទ័ពទាំងអស់ បើទោះបីជាលោកជាប់បំពេញភារកិច្ច ហើយមិនបានមកដោយផ្ទាល់ តែលោកបណ្ឌិត នៅតែផ្ញើក្តីនឹករលឹក អាណិតស្រឡាញ់ និងគិតគូពីជីវភាពរស់នៅរបស់បងប្អូនជានិច្ច។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងសមាណចិត្តរីករាយ និងអរគុណចំពោះ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត ក៏ដូចជាស្បុរសជននានាទៀត ដែលបានជួយឧបត្ថម្ភគាំទ្រ និងការផ្តល់ជំនួយ អំណោយជាបន្តបន្ទាប់ ដល់អង្គភាពតំបន់សឹក ដើម្បីបន្តនាំយកអំណោយទាំងនោះ ទៅចែកជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ក្រោយទឹកបានជន់លិច និងកំពុងស្រកចុះជាបណ្តើរៗវិញនេះ។
លោកឧត្តមសេនីយ៍ មេបញ្ជាការ បានចាត់ទុកសប្បុរសជន ដែលបានជួយឧបត្ថម្ភស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះ គឺពិតជាបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យមនុស្សធម៌នៅកម្ពុជា ឲ្យកាន់តែរីកចម្រើន និងរឹងមាំ ហើយនេះគឺជាវប្បធម៌ នៃការចែករំលែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបានឡើយ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់គ្រួសារកងទ័ពទាំងអស់ ត្រូវរស់នៅឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ត្រូវគោរព និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ៕