ចំនួនអ្នកស្លាប់កើនដល់១៩នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារប្រទេសតួកគី និងក្រិក
តួកគី៖ មនុស្ស១៩នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសតួកគី និងក្រិក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏កក្រើកបានវាយប្រហារទីក្រុងជាប់តំបន់ឆ្នេរ នៃភាគខាងលិចប្រទេសតួកគី នៅថ្ងៃសុក្រនេះ ធ្វើឲ្យអគារនានាក្នុងទីក្រុងញាប់ញ័រ និង បង្កឲ្យមនុស្សម្នាភ័យខ្លាច ហើយរត់ចេញមកឈរតាមដងផ្លូវ ដើម្បីគេចចេញពីគ្រោះថ្នាក់ជាយថាហេតុ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ។
គណៈគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះអាសន្នរបស់តួកគី AFAD បានបញ្ជាក់ថា ជនរងគ្រោះ១៧នាក់បានស្លាប់ ខណៈមនុស្សប្រមាណ៧០៩នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសតួកគី ។ ដោយឡែកនៅកោះ Samos របស់ប្រទេសក្រិកវិញ មានយុវជន២នាក់ ក្នុងនោះមានប្រុសម្នាក់ និងស្រីម្នាក់ត្រូវបានគេរកឃើញបានស្លាប់នៅតំបន់ដែលមានជញ្ជាំងដួលរលំ ។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏កក្រើកខាងលើនេះ បានកើតឡើងចេញពីក្នុងជម្រៅដី១០គីឡូម៉ែត្រនៅក្នុងដែនសមុទ្រទល់មុខទីក្រុង អ៊ីស្មឺ របស់តួកគី ។ ពេលនេះអាជ្ញាធរតួកគីកំពុងតែចេញប្រតិបត្តិការសង្គ្រោះយ៉ាងរហ័សបំផុត ទៅកាន់កន្លែងកើតហេតុ ជាពិសេសកន្លែងដែលមានអគារដួលរលំ ៕