លោក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងដកការអនុគ្រោះពន្ធលើទំនិញមួយចំនួនរបស់ថៃ
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះបញ្ជាក់ថា ប្រទេសរបស់លោកគ្រោងដកការអនុគ្រោះពន្ធចេញពីទំនិញមួយចំនួនរបស់ថៃ ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី៣០ ខែធ្នូខាងមុខ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ។
រដ្ឋាភិបាលថៃ ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងមហាបាតុកម្មនោះ មិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការប្រកាសដកការអនុគ្រោះពន្ធពីសំណាក់លោក ដូណាល់ ត្រាំ នោះទេ ខណៈទំនិញថៃណាខ្លះដែលនឹងត្រូវប្រឈមមុខការដកការអនុគ្រោះពន្ធនោះ ក៏មិនទាន់មានការបញ្ជាក់ផងដែរ ។
ប្រធានាធិបតីអាមេរិករូបនេះបានសរសេរលិខិតមួយទៅកាន់សភាអាមេរិក ដោយ បញ្ជាក់ថា ខ្ញុំបានមើលឃើញថា ថៃមិនបានធានាចំពោះអាមេរិកនៅក្នុងការធ្វើឲ្យទំនិញអាមេរិកចូលទៅក្នុងទីផ្សាររបស់ថៃដោយសមហេតុផល និងត្រឹមត្រូវនោះឡើយ ។ ហេតុដូច្នេះខ្ញុំគិតថា វាជាការសមស្របក្នុងការព្យួរការអនុគ្រោះពន្ធ ស្ថិតក្រោមប្រព័ន្ធ GSP ទៅលើទំនិញមួយចំនួនមកពីថៃ ដោយស្របតាមមាត្រាដែលបានចែង ៕