ដំណើរកំសាន្តទៅកាន់ភ្នំសុពណ៌កាឡី
ភ្នំសុពណ៌កាឡី ជាភ្នំធម្មជាតិមួយដែលមានតម្លៃប្រវត្តិសាស្ត្រ និងមានតម្លៃផ្នែកសោភ័ណភាព ធម្មជាតិ។ ថ្មភ្នំសុពណ៌កាឡីគឺ ជាប្រភេទថ្មភក់ (ទាមទារការបញ្ជាក់ពីអ្នក ជំនាញខ្មែរផ្នែកភូគព្ភសាស្ត្រ)។ ក្រៅពីថ្មភ្នំ មានវត្តមានសត្វ និងរុក្ខជាតិនានារស់នៅ និងដុះលូតលាស់។តម្លៃវប្បធម៌ នៃភ្នំនេះគឺ ពាក់ព័ន្ធនឹងផ្នែកជំនឿ និងសាសនា។ នៅលើភ្នំ មានរូបសំណាកលោកតា«ជំពូធរ» (តំណាងអ្នកគ្រប់គ្រងទិសទាំង ៤) ដែលមានបារមីពូកែស័ក្តសិទ្ធិ ហើយប្រជាពលរដ្ឋកម្ពុជាតែងមកគោរព និងបន់ស្រន់សុំសុភមង្គលគ្រប់ប្រការ។
នៅមិនឆ្ងាយពីរូបសំណាកលោកតាជំពូធរ មានដើមជ្រៃលៀប ឬដើមទិព្វធីតាច័ន្ទដែលនៅជិតនោះ មានរូងភ្នំ ១ ឈ្មោះថា រូងតាសាន់ (បារមី) ដែលមានរឿងដំណាលថា កាលពីព្រេងនាយ ប្រជាពលរដ្ឋតែងធ្លាប់ខ្ចីបាន ចានបញ្ចរុង្គពីបារមី នៃរូងនោះ ក្រោយពេលពួកគេបានបន់ស្រន់។ មានគេនិយាយថានៅមុនឆ្នាំ១៩៨២ ធ្លាប់មានមនុស្សដើរចូលតាមរូងនោះ ទៅដល់ក្រោមបាតទន្លេ(មេគង្គ)ដែលស្ថិតនៅក្បែរភ្នំ។ នៅលើភ្នំ មានឋានព្រះពុទ្ធទ្រង់បិណ្ឌបាតប្រោសសត្វលោក។ភ្នំសុពណ៌កាឡីមើលទៅរាងដូចសត្វក្រពើដេកក្រាបលើព្រះធរណី។ តាមរឿងដំណាល សត្វក្រពើសុពណ៌កាឡី រស់នៅក្នុងត្រពាំង១ឈ្មោះថា ត្រពាំងឈូក(ខ្លះហៅ ត្រពាំងសុពណ៌កាឡី) ស្ថិតនៅជើងភ្នំ។ សត្វក្រពើ នេះ បានឮថា មានសត្វក្រពើល្បី១ក្បាលឈ្មោះក្រពើអធន នឹងធ្វើដំណើរ ឆ្លងកាត់ទឹកដីរបស់វា។ ក្រពើសុពណ៌កាឡី ក៏បានស្ទាក់ផ្លូវដើម្បីប្រកួតគ្នា។ មុនពេលប្រកួត ក្រពើអធនបានលេបលោកគ្រូរបស់វាចូលក្នុងពោះ រួចបានប្រកួតឈ្នះ ហើយក្រពើសុពណ៌កាឡីបានស្លាប់ និងក្លាយទៅជាភ្នំសុពណ៌កាឡី។
ត្រពាំងឈូកមានជម្រៅប្រមាណ ៣ម៉ែត្រ បណ្តាយ៣០០ម៉ែត្រ និងទទឹង១០០ម៉ែត្រ បច្ចុប្បន្នរីងរាក់។ បើថែរក្សា និងស្តារឱ្យបានល្អ អាចក្លាយទៅជាកន្លែងអុំទូកប្រណាំងជារៀងរាល់ឆ្នាំ។ ភ្នំសុពណ៌កាឡី ស្ថិតនៅខេត្តក្រចេះ។ ធ្វើដំណើរពីក្រុងក្រចេះប្រមាណ៩០នាទី តាមរថយន្ត និងឆ្លងកាណូត។ ក្រុមការងារថតនៅខែកក្កដា ឆ្នាំ២០២០ និងសូមជូនពរអ្នកអានគ្រប់រូបនូវសុខភាពល្អ និងសុភមង្គល៕
ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ