ក្រសួងអប់រំប្រកាសការប្រមូលផ្តុំក្រុមជម្រើសជាតិឈុតធំចំនួន៣៥ប្រភេទកីឡា

អត្ថបទដោយ៖
Kien Sereyvuth

CAMSOC-ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញតារាងកំណត់ចំនួនប្រភេទកីឡាចំនួន៣៥ ក្នុងនោះមានកីឡាជនពិការ ដើម្បីប្រមូលផ្តុំអនុរក្ស គ្រូបង្វឹក គ្រួជំនួយ កីឡាករ កីឡាការិនីជម្រើសជាតិ រយៈពេល៦ខែ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់នៅក្នុងតារាងកំណត់ចំនួនប្រមូលផ្តុំនេះ ដោយមាន៣៤ប្រភេទកីឡា និងក្រុមកីឡាជនពិការ (៥២នាក់) សរុបទាំងអស់មានចំនួន ៥១៦នាក់។ ចំពោះ៣៤ប្រភេទកីឡាត្រូវបានចែកចេញជា៥ផ្នែក ទី១-គឺប្រភេទកីឡាសក្តានុពល មាន១០ប្រភេទកីឡា (តេក្វាន់ដូWT ប៉េតង់ ជឺជីតស៊ូ គុនល្បុក្កតោ ប្រដាល់គុនខ្មែរ ប្រដាល់សកល…) ២-ប្រភេទកីឡាប្រជាប្រិយ៍មាន២ប្រភេទកីឡា (បាល់ទះ បាល់បោះ) ៣-ប្រភេទកីឡាដែលចាំបាច់មានចំនួនពីរ (អត្តពលកម្ម និងហែលទឹក) ៤-ប្រភេទកីឡាកំពុងអភិវឌ្ឍ និងជំរុញដណ្តើមមេដាយមានចំនួន១៦ (វាយកូនបាល់ វូស៊ូ កាយសម្ព័ន្ធ វាយសី ទ្រីយ៉ាត្លុង…) និងទី៥-ប្រភេទកីឡា ដែលត្រៀមប្រកួតលក្ខណៈអន្តរជាតិនានាមានចំនួន៤ (វូវីណាម តេក្វាន់ដូ ITF អុកចត្រង្គ…)។ ដោយឡែកប្រភេទកីឡាជនពិការមានចំនួន៥២នាក់ ក្នុងនោះមានកីឡាករ ២៨នាក់ កីឡាការិនី១២នាក់ គ្រូបង្វឹក១០នាក់ និងអនុរក្ស២នាក់។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលើកឡើងថា សម្រាប់ការប្រមូលផ្តុំ ក្រុមជម្រើសជាតិនេះ គឺសហព័ន្ធបានត្រៀមសមាសភាពកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនរួចរាល់ហើយមានចំនួន១៣នាក់ ក្នុងនោះមានកីឡាករ១០នាក់ និងកីឡាការិនី៣នាក់ ដោយលោកជឿជាក់ថា ការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញនៃក្រុមឈុតធំកម្រិតខ្ពស់ នាដើមខែក្រោយនេះតទៅនឹងស្តារគុណភាពបច្ចេកទេសល្អប្រសើរឡើងវិញ បន្ទាប់ពីរំសាយ និងហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។ អគ្គលេខាធិការរូបនេះថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលខិតខំរៀបចំឲ្យមានការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ និងទាន់ពេលវេលា ដើម្បីត្រៀមការប្រកួតអន្តរជាតិនានា ជាពិសេសគឺគោលដៅចម្បងៗ គឺឆ្ពោះទៅ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបញ្ជាក់ថា ក្នុងការប្រមូលផ្តុំនេះសហព័ន្ធ សម្រិតសម្រាំងបាន៦នាក់ហើយ នៅសល់២នាក់ទៀត ដែលត្រូវធ្វើតេស្ត នាថ្ងៃពុធ សប្តាហ៍ក្រោយ ដើម្បីបង្គ្រប់៨នាក់។កីឡាករឈុតធំត្រូវប្រមូលផ្តុំក្នុងខែក្រោយរួមមាន៖ នាង ពេជ្រពិសិដ្ឋ, កាំង ធឿន, ផុន សៀងហៃ,  អ៊ួង លីម៉េង, ណាង ណៃ, អ៊ួន ច័ន្ទភត្រា នៅខ្វះ២នាក់ទៀត។ កីឡាករដែលត្រូវធ្វើតេស្តមាន រ៉ន ជ័យឧត្តម, កែវ សុវណ្ណារ៉ា, ផល ករុណា, លឹម ចន្ទមករា, រំ វិបុល, សៀង ណូរ៉ា ដែល៦នាក់នេះត្រូវជម្រុះយក២នាក់ដែលល្អជាងគេចូលក្នុងក្រុមជម្រើសជាតិ ហើយនេះគឺជាការផ្តល់ឱកាសជូនដល់កីឡាករបម្រុង ក្នុងការបញ្ចេញសមត្ថភាព៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner