ពលរដ្ឋនាំគ្នាបិទផ្លូវ៦អា ប្រតិកម្មជាមួយដេប៉ូខ្សាច់ ឈឿន ម៉ានី អភិបាលខេត្តកណ្តាល ដោះស្រាយបញ្ចប់ជាស្ថាពរ

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះដោះស្រាយសម្របសម្រួលការតវ៉ា របស់ប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលបានផ្ទុះការតវ៉ាបិទផ្លូវនៅលើកំណាត់ផ្លូវជាតិលេខ៦A ត្រង់ចំណុចមុខ នៅវត្តរនបុប្ផារាម ហៅវត្តព្រែកអញ្ចាញ ជាមួយដេប៉ូខ្សាច់ ឈឿន ប៊ុន ឆាន និង ឈឿន ម៉ានី ដែលផុតសុពលភាពជួល តែមិនព្រមរុះរើចេញ។

ដោយយោងលើកិច្ចសន្យាជួលដី ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ របស់ លោក ស៊ឹម ប៉ុន ជាគណៈកម្មាធិការអាចារ្យវត្តបានឯកភាពគ្នាជួលដីនៅខាងមុខវត្តព្រែកអញ្ចាញ ឱ្យទៅ ឈ្មោះ ឈឿន ប៊ុនឆាន និង ឈឿន ម៉ានី ដើម្បីធ្វើអាជីវកម្មគ្រួស ខ្សាច់ រយៈពេល ៣ឆ្នាំ ប៉ុន្តែ រហូតមកដល់ពេលនេះម្ចាស់អាជីវកម្ម រូបនេះនៅតែបន្តយកគ្រឿងចក្រទៅជីកដីវត្តជាប់មាត់ទន្លេ ដឹកយកទៅលក់ជារៀងរាល់ថ្ងៃ ទោះកិច្ចសន្យាត្រូវបានអស់សុពលភាពរយៈពេល១១ខែកន្លងមកហើយ ដោយគណៈកម្មាការវត្តបានឯកភាពគ្នាឈប់ជួលបន្ត ដើម្បីយកទីនេះធ្វើជារម្យនីយដ្ឋានសាធារណៈជូនប្រជាពលរដ្ឋវិញ។

ជាដំណោះស្រាយជូនប្រជាពលរដ្ឋ និងព្រះសង្ឃនាពេលនេះ លោកបានណែនាំឱ្យម្ចាស់អាជីវកម្មនេះ ធ្វើកិច្ចសន្យាចំពោះ អាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃ ដោយ ត្រូវរុះរើ សំណង់ និងដកគ្រឿងចក្រចេញពីទីនេះជាកំហិតក្នុងរយៈពេល ៧ថ្ងៃយ៉ាងយូរ ធ្វើឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃ មានការសប្បាយរីករាយ សាទរចំពោះចំណាត់ការរបស់ លោកយ៉ាងក្រៃលែង។

នាឱកាសនេះដែរ លោក បានប្រគេន ស៊ីម៉ង់តិ៍ចំនួន២០តោន ដល់គណៈកម្មាការវត្ត រីឯ ឯកឧត្តម គង់ អៀង អគ្គនាយករងវិស្វកម្ម ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកអញ្ចាញ បានជួយកសាងផ្លូវបេតុងមួយខ្សែផងដែល។

ប្រជាពលរដ្ឋ លើកឡើងថា ប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ គឺ ទាមទារអោយឈ្មួញឈប់យកដីមុខវត្ត ធ្វើអាជីវកម្មស្ដុបខ្សាច់ គ្រួស និង ថ្ម បន្ដទៀត ព្រោះដីមុខវត្ត បានបញ្ចប់កុងត្រាជួលយូរហើយ តែឈ្មួញមិនព្រមចេញ ។

ដីមុខវត្ត នេះ គឺ ព្រះសង្ឃទុកដីធ្វើការអភិវឌ្ឍន៍ និង ទុកកន្លែងសម្រាប់ធ្វើបុណ្យទានផ្សេងៗសម្រាប់ប្រជាពលរដ្ឋ ៕ ឆ ដា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner