អភិបាលរាជធានី កោតសរសើរប្រជាពលរដ្ឋ រើសអេតចាយនៅទីលានចាក់សំរាមខណ្ឌដង្កោថា«ការរើសអេតចាយជាមុខរបបសុច្ចរិតទៀងត្រង់ មិនប្រព្រឹត្តបទល្មើសដែលសង្គមស្អប់ខ្ពើម»

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានសម្ដែងនូវការកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរ រើសអេតចាយនៅទីលានចាក់សំរាមខណ្ឌដង្កោដោយការ រើសអេត ចាយ ជាមុខរបរសុច្ចរិតទៀងត្រង់ដើម្បីចិញ្ចឹមជីវិត ដោយមិនបានប្រព្រឹត្តបទល្មើសដែលខុសនឹងច្បាប់ បើទោះបីបងប្អូនមានការពិបាកក្នុងជីវភាពគ្រួសារយ៉ាងណាក្តី ។

ការសម្តែងការកោតសរសើរនិងជម្រុញខាងលើនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ខណៈដែល ឯកឧត្តមនិងលោកស្រី ជា ស៊ីណា ឃួង ស្រេងអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នករើសសំរាម ( អេតចាយ ) ចំនួន៣៩៤គ្រួសារ ក្នុងទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បន្តថា បងប្អូនអ្នករើសអេតចាយនៅទីលានចាក់សំរាម បានប្រកប ការរកស៊ីដោយសុច្ចរិតទៀងត្រង់ មិនប្រព្រឹត្តនូវបទល្មើស លួច ឆក់ ប្លន់ដែលជាបទល្មើសមួយខុសច្បាប់ឡើយ។ នេះពិតជាបានបង្ហាញអោយឃើញថា បងប្អូនជាប្រជាពលរដ្ឋល្អរស់នៅក្នុងសង្គមដ៏ត្រឹមត្រូវមួយ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ស្ថេរភាពនៅក្នុងសង្គម គឺផ្ដើមឡើងពីប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួម បើប្រជាពលរដ្ឋមិនបានចូលរួមក្នុងការរក្សាស្ថេរភាពសង្គមទេ សង្គមរបស់យើង ក៏មិនមានស្ថេរភាពល្អបានដែរ។

ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរ រើសអេតចាយនៅទីលានចាក់សំរាមខណ្ឌដង្កោទាំងអស់ ក្រោយបញ្ចប់ជម្ងឺកូវីដ-១៩ បងប្អូនត្រូវជំរុញកូនចៅឲ្យទៅសិក្សារៀនសូត្រនៅតាមសាលានានា ដោយហេតុថាកូនចៅរបស់បងប្អូននេះហើយ ជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិរបស់យើង ដូច្នេះត្រូវតែជំរុញការបណ្ដុះបណ្ដាលពួកគាត់ឲ្យមានចំណេះដឹងអោយបានខ្ពង់ខ្ពស់។

គួរបញ្ជាក់ថា អំណោយដែលបានប្រគល់ជូននេះរួមមាន៖ អង្ករ២៥គីឡូក្រាម មី០១កេសតូច ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ត្រីខកំប៉ុង០១ដុំ ម៉ាស់០១ដុំ ទឹកដោះគោកញ្ចប់១៨កញ្ចប់ និងថវិកាចំនួន៣០.០០០រៀលក្នុងមួយគ្រួសារ ដើម្បីរួមចំណែក និងកាត់បន្ថយការចំណាយក្នុងជីវភាពគ្រួសារបានមួយចំណែក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner