រដ្ឋមន្រ្តីពាក្រសួងណិជ្ជកម្ម ដឹកនាំគណៈប្រតិភូការពារសេចក្ដីព្រាងច្បាប់ចំនួន២នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន (AJCEP – 1st Protocol) និង ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម (AFAS10) ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ជាកិច្ចចាប់ផ្តើម លោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ថា គណៈកម្មការជំនាញទី៩ ដោយមានការសហការពីគណៈកម្មការទី៥ បានពិនិត្យ និងពិភាក្សាលើការស្នើសុំការផ្ដល់សច្ចាប័នលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន និង ពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី រួចរាល់ហើយ ដោយការស្នើសុំនេះមានលក្ខណៈត្រឹមត្រូវតាមបែបបទ និងនីតិវិធី។
ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦នេះ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបអំពីខ្លឹមសារសំខាន់ៗ នៃពិធីសារទាំងពីរនេះ ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលពិធីសារទាំងនេះចូលជាធរមាន។
ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក៏បានអនុម័តយល់ព្រមទាំងស្រុងលើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន (AJCEP – 1st Protocol) និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម (AFAS10) ដោយមាន ១១៦សម្លេង។
ឯកឧត្តម ប៉ាន សូរស័ក្ត មានប្រសាសន៍ថា ក្នុងនាមតំណាងរាជរដ្ឋាភិបាល សូមធ្វើការថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចអគ្គមហាពញាចក្រីប្រធានអង្គប្រជុំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៥ នីតិកាលទី៦ ដែលបានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ទាំងពីរនេះ និងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងផ្ដល់នូវប្រយោជន៍ជាសារវ័ន្ដដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
គួរជម្រាបផងដែរថា ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន នឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានភាពល្អប្រសើរឡើង ឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចពិភពលោក តាមរយៈការធ្វើសេរីភាវូបនីយកម្មលើពាណិជ្ជកម្មសេវាកម្ម បម្លាស់ទីរូបវន្តបុគ្គល និងការវិនិយោគ។ ក្រោយពីពិធីសារនេះចូលជាធរមាននឹងជំរុញការទាក់ទាញវិនិយោគិននិងធុរកិច្ចជនជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ហើយលំហូរនៃបច្ចេកទេសនិងបច្ចេកវិទ្យាកាន់តែមានភាពល្អប្រសើរ។ កម្ពុជានឹងអាចមានកាលានុវត្តភាពកាន់តែច្រើនក្នុងការទទួលបានផលប្រយោជន៍ពីពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម ដោយសារអាស៊ានគឺជាទីផ្សារតំបន់ដ៏ធំមួយ ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគនិងធុរជនពីប្រទេសនានាក្នុងអាស៊ាន មកវិនិយោគលើវិស័យសេវាកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយបង្កើតឱកាសសម្រាប់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្មរបស់ខ្លួនទៅកាន់ប្រទេសនានាក្នុងអាស៊ាន។ លើសពីនេះទៀត កម្ពុជានឹងទទួលបានផលប្រយោជន៍លើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង បំណិន និងជំនាញថ្មីៗពីការវិនិយោគដោយផ្ទាល់របស់សមាជិកអាស៊ាន។ កម្ពុជានឹងអាចប្រមូលចំណូលពន្ធអាករកាន់តែច្រើនឡើងជាចំណូលជាតិ ដោយអនុលោមទៅតាមច្បាប់សារពើពន្ធកម្ពុជាពីការធ្វើអាជីវកម្មពាណិជ្ជកម្មសេវាកម្មរបស់សមាជិកអាស៊ានផ្សេងទៀតនៅកម្ពុជា។