ការបោះឆ្នោតនៅសហរដ្ឋអាមេរិកចាប់ផ្ដើមហើយនៅក្នុងរដ្ឋ New Hampshire ខណៈអ្នកទៅបោះឆ្នោតសរុបគិតត្រឹមថ្ងៃចន្ទនេះមានប្រមាណ១០០លាននាក់
អាមេរិក៖ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកចាប់ផ្ដើមជាផ្លូវការហើយ នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ក្នុងទីក្រុងចំនួនពីរ ក្នុងនោះរួមមាន Dixville Notch និង Millsfield ជាក្រុងតូចៗរបស់រដ្ឋញូហេមសឺ ស្ថិតនៅភាគឦសានប្រទេស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យការបោះឆ្នោតបានឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ ពលរដ្ឋអាមេរិកច្រើនប្រមាណ១០០លាននាក់ហើយ បានទៅបោះឆ្នោតមុនកំណត់ ទាំងតាមការបោះឆ្នោតតាមប្រៃសណីយ៍ និងការបោះឆ្នោតនៅឯការិយា ល័យដោយផ្ទាល់នៅតាមរដ្ឋនីមួយៗក្នុងសហរដ្ឋអាមេរិក ខណៈពលរដ្ឋមានសិទ្ធិបោះឆ្នោតសរុបមានរហូតដល់ជាង២៤០លាននាក់ ។
នៅក្នុងអាណត្តិឆ្នាំ២០២០នេះ បេក្ខជនប្រធានាធិបតីអាមេរិកមានចំនួនពីររូប គឺលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលជាអ្នកត្រូវព្យាយាមការពារតំណែងប្រធានាធិបតីឲ្យបានមួយអាណត្តិទៀត រីឯលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ ជាអ្នកឡើងមកដណ្ដើមតំណែងនេះពីសេតវិមាន ។ ដើ ម្បីជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ ទាំងលោក ត្រាំ និង លោក បៃដិន ត្រូវការសំឡេងអ្នកបោះឆ្នោតតំណាង២៧០រូប ក្នុងចំណោម៥៣៨រូប ៕