ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស១គ្រឿង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានប្រគល់ជូនមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស១គ្រឿង WATERGEN ( ប្រភេទ GEN-M ) ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនដល់មន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។
ពិធីប្រគល់-ទទួលនេះបានធ្វើឡើងនៅមន្ទីមិត្តភាពខ្មែរ-សូវៀត ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលនិងលោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស១គ្រឿង ដែលបានប្រគល់នៅពេលនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងកំឡុងពេលនាំកូនចៅ មកទទួលសេវាព្យាបាល នៅក្នុងមន្ទីមិត្តភាពខ្មែរ-សូវៀត ដើម្បីកាត់បន្ថយការយកមកនូវទឹកបរិសុទ្ធមកតាមខ្លួន និងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល ហើយមានសមត្ថភាព ផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។ ម៉ាស៊ីនផលិតទឹកសុទ្ធនេះ គឺទាញយកខ្យល់ក្នុងបរិយាកាសមកផលិតជាទឹកបរិសុទ្ធតែម្តង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែ មថា នេះជាម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស WATERGEN ( ប្រភេទGEN-M ) ទី៤ហើយ ដែលបានប្រគល់ជូនមន្ទី ពេទ្យធំៗក្នុងរាជធានីភ្នំពេញ ហើយម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសទី៥, ១គ្រឿងទៀត នឹងត្រូវប្រគល់ជូនមន្ទីពេទ្យព្រះកុសុមៈក្នុងពេល ឆាប់ៗនេះផងដែរ។
លោកសាស្ត្រាចារ្យ ងី ម៉េង បានថ្លែងថា ម៉ាស៊ីនផលិតទឹកនេះ ពិតជាផ្តល់សារៈសំខាន់សម្រាប់មន្ទីរពេទ្យ ជាពិសេសប្រជាពលរដ្ឋដែលនាំកូនចៅមកពិនិត្យ និងសម្រាក ព្យាបាលជំងឺនៅមន្ទីរពេទ្យប្រមាណ៣ពាន់នាក់ក្នុង១ថ្ងៃ អាចប្រើប្រាស់ម៉ាស៊ីនផលិតទឹកស្អាតនេះបាន ប្រកបដោយគុណភាព និងកាត់បន្ថយការចំណាយទិញ ទឹកពីខាងក្រៅ និងអាចជួយកាត់បន្ថយភាពក្រីក្របានមួយផ្នែកផងដែរ។
សូមជម្រាបថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយទាញយកពីបរិកាសចំនួន៥គ្រឿង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្តល់ដាក់នៅតាមមន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់៕