អភិបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ ពង្រឹងលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត
ខេត្តស្ទឹងត្រែង៖ ប្រសាសន៍របស់ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែតុលាឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចបន្ត ដើម្បីពង្រឹងការអនុវត្តការងារ ឲ្យកាន់តែមានប្រសិទ្ធិភាព ទៅតាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ សម្រាប់អភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ឲ្យកាន់តែមានការរីកចម្រើន កាលពីថ្ងៃទី២ វិច្ឆិកាឆ្នាំ២០២០ នៅសាលាខេត្តស្ទឹងត្រែង។
លោក ម៉ុម សារឿន បានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរជំនាញ អង្គភាពក្រុងស្រុក និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹង អស់កម្លាំងកាយចិត្ត ក្នុងកាអនុវត្តការងារ សហការគ្នាយ៉ាងសកម្ម ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត និងចូលរួមអនុវត្តន៍ នូវគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលនាំឲ្យខេត្តស្ទឹងត្រែង មានសន្តិសុខ សណ្តាប់ធ្នាប់ និងការរីកចម្រើនជាបន្តបន្ទាប់ នៅក្នុងរយៈពេលកន្លងមកនេះ។
លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងដាក់ទិសដៅអភិវឌ្ឍន៍ ឲ្យស្របនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដែលជាចរន្តដង្ហើមសេដ្ឋកិច្ចរបស់ជាតិ និងប្រជាពលរដ្ឋ ព្រមទាំងបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីណែនាំរបស់ថ្នាក់ជាតិក្នុងការទប់ស្កាត់មិនឲ្យមានការរីករាលដាល់ នូវជំងឺកូវីដ១៩ នៅក្នុងសហគមន៍មូលដ្ឋាន និងប្រជាជន នៅក្នុងខេត្តស្ទឹងត្រែងយើងនេះ ។
លោក ម៉ុម សារឿន មានប្រសាសន៍បញ្ជាក់ថា សម្រាប់ផែនការអនុវត្តជាបន្តបន្ទាប់នេះ ខេត្តនឹងធ្វើការជួសជុល កែលម្អឡើងវិញ នូវហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅទូទាំងខេត្តស្ទឹងត្រែង ដើម្បីបង្ករលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ ព្រមទាំងបន្តបង្កើនការផ្តល់ នូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ យកចិត្តទុកដាក់ខ្ពស់ ពីបញ្ហាសុខភាព សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ដោះស្រាយឲ្យបានទាន់ពេលវេលា នូវបញ្ហាប្រឈម ដែលកើតឡើងក្នុងមូលដ្ឋាន និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹង និងប្រុងប្រយ័ត្នជានិច្ច អំពីការគ្រោះថ្នាក់ពីការឆ្លងជំងឺកូវីដ១៩។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវសហការរួមគ្នាឲ្យបានជិតស្និត ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សងៗ ឲ្យបានទាន់ពេលវេលា ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែល្អប្រសើរ ហើយត្រូវជំរុញការបង្ករបង្កើនផលដល់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។
លោក ម៉ុម សារឿន បានណែនាំដល់មន្ទីរសុខាភិបាលខេត្ត ត្រូវសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តសកម្មភាព ចុះអប់រំណែនាំ ផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នជានិច្ច ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺរលាក់ផ្លូវដង្ហើមថ្មី Covid-19 និងជំងឺដង្កាត់ផ្សេងៗទៀត ដែលអាចនឹងបង្កឡើងនៅរដូវភ្លៀងធ្លាក់នេះ ៕ ដោយ៖ឡុង សំបូរ