ផលិតផលក្លែងក្លាយសរុបចំនួនជាង៥៤០តោននឹងធ្វើការកម្ទេចចោលនៅខណ្ឌដង្កោ នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ នឹងអញ្ជើញជាអធិបតី ក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយនឹងធ្វើការកម្ទេចចោលផលិតផលក្លែងក្លាយ រួមមានឱសថក្លែងក្លាយចំនួន៧.៧តោននិងផលិតផលក្លែងក្លាយទូទៅចំនួន៥៣៣តោន ដែលសរុបចំនួន ៥៤០.៧តោនត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្ក្រាបបាននាពេលកន្លងមក។ ផលិតផលក្លែងក្លាយសរុបចំនួនជាង៥៤០តោនត្រូវបានអនុវត្តតាមបង្គាប់ដីការរបស់តុលាការអោយធ្វើការកម្ទេចចោលដែលនឹងប្រារព្ធនៅបរិវេណទីលានចាក់សម្រាមដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។
កម្ពុជាក្នុងមួយឆ្នាំៗបានរងការខាតបង់ច្រើនលានដុល្លារដោយសារទំនិញក្លែងក្លាយនិងខូចគុណភាព។ ទំនិញ ក្លែងក្លាយដែលមិនមានសុវត្តិភាព ត្រូវគេឃើញបានយកមកលក់ក្នុងទីផ្សារក្នុងស្រុកមួយចំនួនក្រោមស្លាកថា ផលិតមកពីប្រទេសជប៉ុន…ប្រទេសចិន…ប្រទេសបារាំងឬសហរដ្ឋអាមេរិក ជាដើម… ប៉ុន្តែមន្ត្រីជំនាញក្រសួង មហាផ្ទៃ កន្លងមកធ្លាប់បានបញ្ជាក់ថាផលិតផលក្លែងក្លាយទាំងនោះ ភាគច្រើនបាន ផលិតក្នុង ខេត្តកណ្តាល និងក្នុងរាជ ធានី ភ្នំពេញនេះទេ៕