ទូតសិង្ហបុរីចប់អាណត្តិ ថា កម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ការរស់នៅ ជៀសផុតពីការឆ្លងជំងឺកូវីដ១៩
ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព ឯកឧត្តម ម៉ាយឃើល តាន ឯកអគ្គរដ្ឋទូតសិង្ហបុរី ចប់អាណត្តិការទូតនៅកម្ពុជា បានមានប្រសាសន៍ថា ក្នុងដំណាក់កាលបេសកកម្មកាទូតរបស់ឯកឧត្តមនៅកម្ពុជានេះ ឯកឧត្តម បានជួបនូវបញ្ហាកូវីដ និងបានឃើញផ្ទាល់នូវតំណាក់កាលដែលពិភពលោកទាំងមូលជាពិសេស កម្ពុជាផងដែរ កំពុងតែជួបប្រទះបញ្ហាកូវីដ១៩ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោ ថា កម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ការរស់នៅ ជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ។
ឯកឧត្តម អ៊ាងសុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកសារពត៌មាននៅក្រោយជំនួបឱ្យដឹងថា ឯកឧត្តម ម៉ាយឃើល តាន់ បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងរយៈពេល ៤ឆ្នាំកន្លះនៅកម្ពុជា ឯកឧត្តមពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងស្និទ្ធិជាមួយនឹងប្រជាជន មិត្តភ័ក្រ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រក៏ដូចជាសហការយ៉ាងល្អពីរាជរដ្ឋាភិបាល ដែលនាំឱ្យបេសកកម្មកាទូតរបស់ឯកឧត្តមនៅកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជា វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស ឲ្យបានឡើងខ្ពស់មួយកម្រិតទៀត ។
ឯកឧត្តមក៏បានបង្ហាញពីមោទនភាពដែលរដ្ឋាភិបាលសិង្ហបុរី អនុញ្ញាតឲ្យឯកឧត្តមរៀបចំនូវកម្មវិធី ដើម្បីអបអរសាទរខួបអនុអនុស្សាវរីយ៍ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថា កម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាព មិនមានការឆ្លង ហើយការរៀបចំនោះ ប្រព្រឹត្តទៅបានជោគជ័យដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ ។
ឯកឧត្តមបានបង្ហាញជំនឿជឿជាក់ថា កម្ពុជា និងសិង្ហបុរីនឹងអាចមានទំនាក់ទំនងកាន់តែល្អប្រសើរឡើងថែមទៀត និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមួយកម្រិតថែមទៀត ហើយទាំងនេះអាចធ្វើទៅបាន គឺដោយមានការគាំទ្រ និងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលនិងរដ្ឋាភិបាល រវាងស្ថាប័ននិងស្ថាប័ន ជាពិសេស រវាងមន្ត្រីរាជការ និងមន្ត្រីរាជការ និងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ជួបថ្លែងអំណរគុណជូនដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រកម្ពុជារយៈពេលកន្លងមក ហើយក៏បានយល់ស្របផងដែរជាមួយនឹងការលើកឡើង ការវាយតម្លៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ របស់ឯកឧត្តម ម៉ាយឃើល ។
សម្ដេចតេជោ បានឆ្លៀតឱកាសនោះ ថ្លែងអំណរគុណជូនចំពោះឯកឧត្តម ម៉ាយឃើល ដែលបានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងបេសកកម្មកាទូតរយៈពេល ៤ឆ្នាំកន្លះ នៅព្រះរាជាណាចក្រកម្ពុជានេះ។
ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានជម្រាបជូនឯកឧត្តម ម៉ាយឃើល អំពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានមានយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដតាមរយៈសមរភូមិ៣ គឺសមរភូមិទី១-ធ្វើយ៉ាងណាប្រយុទ្ធ ទប់ស្កាត់កុំអោយការនាំចូលជំងឺនេះមកពីប្រទេសក្រៅមកកម្ពុជា, សមរភូមិទី២-ធ្វើយ៉ាងណាគ្រប់គ្រងកុំឱ្យមានការរីករាលដាលជំងឺកូវីដ១៩នេះ ចូលទៅកាន់សហគមន៍ និងសមរភូមិទី៣-ធ្វើយ៉ាងណាព្យាបាលអ្នកដែលជំងឺដែលបានឆ្លងកូវីដ១៩ ឱ្យជាសះស្បើយ ៕