តុលាការកោះហៅសមរង្ស៊ីនិងមនុស្សជាង៦០នាក់ឡើងសវនាការថ្ងៃ២៦វិច្ឆិកា

ទណ្ឌិត សម រង្ស៉ី និងបក្សពួកជាង៦០នាក់ទៀត ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះដើម្បីចូលរួម ក្នុងសវនាការនៃសំណុំរឿង «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ ដីការបស់តុលាការ ត្រូវបានមន្ត្រីអាជ្ញាធរ បានយកទៅបិទប្រកាសជាសាធារណៈ នៅអតីតស្នាក់ការរបស់អតីតគណបក្សសង្គ្រោះ ជាតិ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  យោងតាមដីកាកោះ ទណ្ឌិត សម រង្ស៉ីនិងបក្សពួក នឹងតម្រូវចូលរួមក្នុងសវនាការថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីជំនុំជម្រះទោសលើសំណុំរឿង «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ប្រព្រឹត្តនៅប្រ ទេសកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០១៩។

បទរួមគំនិតក្បត់ យោងតាមមាត្រា៤៥៣ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ ប្រសិនបទល្មើសនោះត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ។ ចំណែកបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៤៩៥ នឹងត្រូវដាក់ពន្ធនាគារពី ៦ខែ និង ពិន័យជាប្រាក់ ១លានរៀល ទៅ ៤លានរៀល។

ស្នងការរងនគរបាលរាជធានី លោកឧត្តមសេនីយ៍ទោ ប៊ុត សុសិខា បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា  ដីកា កោះចូលសវនាការ ក្រៅពីទណ្ឌិតសម រង្សី និងមនុស្ស១៤នាក់ ក៏នៅមានមនុស្ស៤៧នាក់ផ្សេងទៀតដែលសមត្ថ កិច្ចនឹងបញ្ជូនដីកាកោះទៅដល់ដៃ ឬដល់គេហដ្ឋានផ្ទាល់តែម្ដង។ លោកបញ្ជាក់ថា ក្រៅពីនៅរាជធានីភ្នំពេញ មនុស្សដែលមានឈ្មោះក្នុងដីកា គឺស្ថិតស្ថិតនៅបណ្ដាខេត្តចំនួន៨ ដូចជាខេត្តកណ្ដាល, កំពង់ចាម, ព្រះសីហនុ, បាត់ដំបង, ព្រៃវែង, បន្ទាយមានជ័យ, តាកែវ និងខេត្តកំពង់ស្ពឺ ហើយមានអ្នកខ្លះកំពុងតែរស់នៅប្រទេសថៃ, ប្រទេសកាណាដា, សហរដ្ឋអាមេរិក, កូរ៉េ និងជប៉ុន ដែលសមត្ថកិច្ចជំនាញ នឹងធ្វើការផ្សព្វផ្សាយតាមបណ្ដាញ សារព័ត៌មាន និងចាត់ទុកជាការផ្សព្វផ្សាយ គឺជាការជូនដំណឹងដល់សាម៉ីខ្លួន។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner