រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ផ្តោតជាសំខាន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីហុងគ្រីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី។ ភាគីទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រី ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាលនៃភាគីទាំងពីរ។ ទន្ទឹមនឹងការបង្កើតការិយាល័យស្ថានទូតហុងគ្រីនៅកម្ពុជា ភាគីទាំងពីរនឹងប្រារព្ធខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត នាឆ្នាំ២០២១ ខាងមុខ។

នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលទោះបីនៅមានចំនួនតិចនៅឡើយ ប៉ុន្តែមានសក្ដានុពលខ្ពស់ក្នុងការពង្រីកកាន់តែច្រើនឡើង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការតាំងពិព័រណ៍មុខទំនិញ ដោយចូលរួមយ៉ាងសកម្មពីវិស័យឯកជននៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រុមហ៊ុនហុងគ្រីឱ្យវិនិយោគលើការកែច្នៃម្ហូបអាហារ ដើម្បីទទួលប្រយោជន៍ទីផ្សារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានគូសបញ្ជាក់ពីគោលបំណងក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម រួមមាន៖ (១) ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ (២) ការចុះហត្ថលេខាលើអនុស្សរណៈចំនួន ២ (វិស័យកសិកម្ម និងគ្រប់គ្រងធារាសាស្រ្ត) និងកិច្ចព្រមព្រៀងចំនួន ១ ស្តីពីសេវាកម្មអាកាសចរណ៍ និង (៣) ការបង្ហាញពីការគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវគោលដៅរួមនៃការបង្កើនទំហំពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរ ក៏បានបង្ហាញពីភាពសោមន្សក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នៅប្រទេសកម្ពុជាផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner