តំបន់ការពារធម្មជាតិនៅកម្ពុជាក្នុងឆ្នាំ២០២០កើនឡើងដល់៦៥តំបន់
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖មកដល់ពេលបច្ចុប្បន្ននេះចំនួនតំបន់ការពារធម្មជាតិនៅកម្ពុជាមានការកើនឡើង ដល់៦៥តំបន់ ខណៈដែលកាលពីឆ្នាំ១៩៩៣មានត្រឹមតែ២៣តំបន់និងឆ្នាំ២០១៩មាន៥៦តំបន់។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម គឹម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន។
បញ្ជាក់នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១» នាទីស្តីការក្រសួងបរិស្ថាននៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០ឯកឧត្តម គឹមណុង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិបានឱ្យដឹងថាក្នុងចំណោមតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាចំនួន៦៥តំបន់នេះរួមមាន៖តំបន់ឧទ្យានជាតិ ១២,តំបន់ដែនជម្រកសត្វព្រៃ ១៩,តំបន់ការពារទេសភាព ១៤,តំបន់ប្រើប្រាស់ច្រើនយ៉ាង ៨,តំបន់រ៉ាមសារ ៥ (-៤ ជាផ្នែកមួយនៃតំបន់ស្នូលឋានជីវមណ្ឌលបឹងទន្លេសាប ),តំបន់បេតិកភណ្ឌធម្មជាតិ ១១ និងមាន,របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ចំនួន៣ តំបន់។ក្នុងនេះបើសរុបផ្ទៃដីប្រមាណ ៧,២លានហិកតា ស្មើនឹង ៤១ភាគរយ នៃផ្ទៃប្រទេស។
ឯកឧត្តមបានបញ្ជាក់បន្ថែមថាក្នុងការគ្រប់គ្រង និងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា គឺផ្អែកលើប្រព័ន្ធអេកូឡូស៊ី ដែលបានបែងចែកជា ៥តំបន់សំខាន់ៗ សម្រាប់គាំទ្រដល់និរន្តរភាពបរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងកិច្ចការពារ និងអភិរក្ស ប្រព័ន្ធធនធានធម្មជាតិ និងជីវៈចម្រុះ សម្រាប់ ការប្រើប្រាស់ប្រកបដោយចីរភាព ដែលតំបន់ទាំងនោះរួមមាន ៖ចក្ខុវិស័យ៖ ប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា រួមចំណែកយ៉ាងសំខាន់ដល់ កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព .រួមមានទាំងការកាត់បន្ថយ ភាពក្រីក្រ ពិសេសតាមរយៈការអភិរក្សនិងការប្រើប្រាស់ប្រកបដោយចីរភាពនូវធនធាន ជីវៈចម្រុះ ធនធានធម្មជាតិ និងវប្បធម៌ ព្រមទាំងសើវាប្រព័ន្ធអេកូឡូស៊ី។
ឯកឧត្តមបានបន្តឱ្យដឹងថាក្នុងបេសកកម្ម ជាដំណើរឆ្ពោះទៅកាន់ការសម្រេចបាននូវការគ្រប់គ្រងប្រព័ន្ធតំបន់ ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជាប្រកបទៅដោយប្រសិទ្ធិភាព ប្រសិទ្ធផលនិងសមធម៌។ចំពោះគោលបំណង ផែនការយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ មាន គោលបំណងដូចជា ៖១. ថែរក្សា និងលើកកម្ពស់ តម្លៃអេកូឡូស៊ី និងវប្បធម៌ ក្នុងតំបន់ការពារធម្មជាតិ ២, លើកកម្ពស់ការចូលរួមការងារ និងការគាំទ្រ ការពារធម្មជាតិ ពីសហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រងអភិរក្សតំបន់ ៣. អភិវឌ្ឍន៍គំនិតច្នៃប្រឌិតថ្មីៗក្នុងការអភិរក្ស និងការអភិវឌ្ឍ រួមទាំងបង្កើតឱកាសសម្រាប់ចីរភាព។
ក្នុងពិធីនេះដែរឯកឧត្តមសាយសំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបង្ហាញការកោតសរសើរនិងចាត់ទុកថាជាជំហ៊ានមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិរក្សនិងការពារធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យមានការសហការជាមួយមន្រ្តីពាក់ព័ន្ធ និងពិសេសត្រូវរៀបចំ ឱ្យបានល្អ ដើម្បីជំរុញយ៉ាងណាឱ្យតំបន់ការពារនិងអភិរក្សធនធានធម្មជាតិពិសេសតំបន់រមណីយដ្ឋានកម្សាន្តដោយប្រែក្លាយជាតំបន់សក្តានុពលនិងជាទីទាក់ទាញភ្ញៀវទេសចរណ៍។
ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ជំរុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ចូលរួមរៀបរំឧទ្យានជាតិឱ្យត្រឹមត្រូវសម្រាប់សក្តានុពលយ៉ាងល្អទាំងនាពេលបច្ចុប្បន្នទៅថ្ងៃអនាគត។ក្នុង នេះត្រូវមានការរៀបចំទាំងឆ្លាកសញ្ញា អនាម័យ និងពិសេសការពារនូវធនធានធម្មជាតិ សត្វព្រៃជាដើម៕