គ្រួសារកងទ័ពចំនួន១២៥គ្រួសារដែល ខ្វះខាតរងគ្រោះដោយទឹកជំនន់បានទទួលអំណោយ
គ្រួសារកងទ័ពចំនួន ១២៥គ្រួសារដែល ខ្វះខាតរងគ្រោះដោយទឹកជំនន់ក្នុងទីបញ្ជាការយោធភូមិភាគទី៥ទទួលបានអំណោយ។ ការផ្តល់អំណោយដល់គ្រួសារកងទ័ពដែលខ្វះខាតនេះគឺបានធ្វើឡើងដោយមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ឧត្តមសេនីយ៍ឯក ឯក សំអូន នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ បានចែកអំណោយនិងសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារទ័ពចំនួន១២៥ គ្រួសារក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៥ ដែលមានការខ្វះខាតរងគ្រោះដោយទឹកជំនន់នាពេលកន្លងមកនេះ។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានលើកកោតសរសើរដល់កងកម្លាំងយោធភូមិភាគទី៥ ដែលបានខិតខំចុះជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមកបានល្អ។សកម្មភាពនេះបានសរបញ្ជាក់ពីគុណតម្លៃកងទ័ព នាពេលបច្ចុប្បន្ន ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់មានជំនឿទុកចិត្តលើកងយោធពលខេមរភូមិន្ទក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់កន្លងមកនេះក្នុងនោះក៏មានគ្រួសាររបស់កងទ័ព ដែរតែដោយភារកិច្ចបងប្អូននៅតែចុះជួយប្រជាពលរដ្ឋផងហើយឆ្លៀតជួយគ្រួសារខ្លួនឯងផង។ដោយមើលឃើញនូវការខ្វះខាតការលំបាករបស់បងប្អូនយើងថ្ងៃនេះបញ្ជាការដ្ឋានយោធភូមិភាគទី៥ ក៏បានរៀបចំចែកនូវអំណោយខ្លះដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារកងទ័ពយើងបានមួយចំនួនផងដែរ។
អំណោយគ្រួសារកងទ័ពក្នុង១គ្រួសារទទួលបានអង្ករ២០ គីឡូក្រាម មី ១កេស ត្រីខ១យួរ ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធ ១យួរ ម្សៅបេប៊ី២កំប៉ុង និងថវិកា៥០.០០០រៀល។អំណោយដែលចែកនាពេលនេះគឺទទួលបានការឧបត្ថម្ភពីសប្បុរសជននានាជូនមកយោធភូមិភាគទី៥៕