ឯកឧត្តម វ៉េង សាខុន អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៤ វិច្ឆុកា២០២០នេះ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ នៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ត្រូវចុះពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់ និងទាន់ពេលវេលា ដើម្បីរៀបចំកម្មវិធីចុះអន្តរាគមន៍ចែកពូជស្រូវជូនដល់គ្រួសារដែលរងគ្រោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចាប់ផ្តើម ស្តារផលិតកម្មស្រូវឡើងវិញក្រោយពេលទឹកជំនន់រួច។
បើយោងតាមការរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ហិនហ៊ុន បានឲ្យដឹងថា៖ ទឹកជំនន់ឆ្នាំនេះបានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ: ១ ៣៨៣ ហិចតា និងផ្ទៃដីដែលរងការខូចខាតចំនួន ៩២៨ហិចតា នៅក្នុង ៥ស្រុក និងក្នុងក្រុងកំពង់ឆ្នាំង។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា៖ បច្ចុប្បន្នមន្ទីរកំពុងចុះស្រង់តួលេខចំនួនគ្រួសាររងគ្រោះ បន្ទាប់មករាយការណ៍ជូនក្រសួង និងលើកសំណើសុំពូជស្រូវយកមកចែកចាយជូនពួកគាត់ដើម្បីស្តារឡើងវិញនៅដំណាំស្រូវ៕ ដោយ ៖ សុក្ខារិន