ឆ្នាំ២០២១អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបង្ហាញពីការអភិវឌ្ឍន៍លើវិស័យបរិស្ថាន
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖នៅឆ្នាំ២០២១ខាងមុខនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបង្ហាញពីយុទ្ធសាស្រ្តក៏ដូចជាការអភិវឌ្ឍន៍លើវិស័យបរិស្ថានឱ្យកាន់តែប្រសើរបន្ថែមឡើងទៀត។
ថ្លែងនៅក្នុងបទបង្ហាញនៃសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១» នាទីស្តីការក្រសួងបរិស្ថាននារសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០ ឯកឧត្តម វ៉ាន់មីនីនាថ អគ្គលេខាធិការនៃអគ្គលេខាដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានបញ្ជាក់ថាក្នុងទិសដៅរៀបចំផែនការការងារឆ្នាំ២០២១ខាងមុខនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនឹងមានទិសដៅការងារសំខាន់ៗដូចជា៖១)បន្តជំរុញការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងគោលនយោបាយ និងការវិភាជន៍ថវិកាគ្រប់លំដាប់ថ្នាក់ និងបន្តកៀរគ ធនធាននិងបច្ចេកវិទ្យាសមស្រប។ ២) បន្តរៀបចំបញ្ចប់សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធាននិងនីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។៣)បន្តអនុវត្តយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។៤)បន្តរៀបចំគោលនយោបាយស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងផែនទីបង្ហាញផ្លូវសម្រាប់ ការងារជីវសុវត្ថិភាព និងសេចក្តីព្រាងក្របខណ្ឌការងារជាតិស្តីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ទុដោយស្មើភាព និងសមធម៌។
ឯកឧត្តមបានបន្តឱ្យដឹងដែរថាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនឹងបន្តទិសដៅសំខាន់ៗបន្ថែមទៀតដូចជា៖៤)បញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រ និងសកម្មភាពសេដ្ឋកិច្ចចក្រា និងយន្តការវាយតម្លៃការសិក្សា ស្រាវជ្រាវ និងចងក្រងទិន្នន័យស្តីពីបច្ចេកវិទ្យាសមស្រប។៥) អនុម័តគោលការណ៍ណែនាំ និងបច្ចេកទេស ស្តីពីអគារបៃតង ការិយាល័យបៃតង និងព្រឹត្តិការណ៍បៃតង។៦) បន្តសម្របសម្រួល និងរៀបចំបង្កើតប្រព័ន្ធទិន្នន័យប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតងវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងការអភិរក្សធនធានជីវៈចម្រុះ។ ៧) អនុម័តក្រមសីលធម៌នៃការសិក្សាស្រាវជ្រាវក្នុងកំរិតបច្ចេកទេស និងបន្តរៀបចំផែនទីបង្ហាញផ្លូវផ្នែក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។៨)បន្តរៀបចំបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះជាតិ និងសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិភ្នំពេញ។ ៩)បន្តសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ កិច្ចសហប្រតិបត្តិការ អាទិភាពការងាររួមគ្នា និងគម្រោងគាំទ្រជាក់ស្តែង។១០) បន្តសហការជាមួយមជ្ឈមណ្ឌលគោលនយោបាយ យុទ្ធសាស្ត្រ និងនវានុវត្តន៍។ ១១) បន្តកសាង និងអភិវឌ្ឍធនធានមនុស្ស ដែលមានវិជ្ជាជីវៈកំរិតខ្ពស់ ក្នុងវិស័យបរិស្ថាននិងការអភិវឌ្ឍន៍ ដោយចីរភាព។១២) រៀបចំប្រព័ន្ធគ្រប់គ្រង និងការសម្របសម្រួលការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើទំនើប កម្មស្ថាប័ន។ ១៤) រៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យនិងវាយតម្លៃ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍ ស្របតាមសេចក្តីប្រកាសទីក្រុងប៉ារីសឆ្នាំ២០០៥ ស្តីពីប្រសិទ្ធិភាពជំនួយ។
ក្នុងពិធីនេះដែរ ឯកឧត្តមសាយសំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញឱ្យអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពពង្រឹងនូវសមត្ថភាពមន្រ្តី ហើយត្រូវអនុវត្តផែនការយុទ្ធសាស្រ្តនេះឱ្យសម្រេចបានជាផ្លែផ្កានាថ្ងៃខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើរដល់មន្រ្តីទាំងអស់ត្រូវចូលរួមអនុវត្តនូវ គោលនយោបាយ ផែនការសកម្មភាព គម្រោង និងវិធានការជាក់ស្តែងនានា សំដៅធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ព្រមទាំងការអភិវឌ្ឍនិងការរស់នៅដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ទៅថ្ងៃខាងមុខ៕